ទឹកជំនន់! ថៃស្លាប់កើនដល់ជិត៣០នាក់
បាងកក៖ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ របស់ប្រទេសថៃ បានឲ្យដឹងថា ព្យុះទីហ្វុង យ៉ាជី (Yagi) បានឆក់យកជីវិតមនុស្ស៤នាក់ នៅភាគខាងជើង នាំឲ្យចំនួនមនុស្សស្លាប់ ដោយសារគ្រោះមហន្តរាយ ទាក់ទងនឹងភ្លៀងមូសុងប្រចាំឆ្នាំ ដែលធ្លាក់ខ្លាំងក្លា បង្កជាទឹកជំនន់ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានកើនដល់ ចំនួន២៩នាក់ហើយ។
រដ្ឋាភិបាលបាននិយាយ កាលពីថ្ងៃពុធថា ទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ពីព្យុះ Yagi បានជន់លិចផ្ទះរាប់ពាន់ខ្នង ខណៈដែលមានការចល័តកងទ័ព ដើម្បីជួយគ្រួសារ ដែលរងផលប៉ះពាល់។
នាយកដ្ឋានឧតុនិយមថៃបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ដែលនាំមកនូវហានិភ័យនៃទឹកជំនន់ភ្លាមៗ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត