ជប៉ុន កម្ពុជា បានកំពុងបន្តពិភាក្សាគ្នា អំពីគំនិតនៃការធ្វើឲ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយជាកំពង់ផែសេរី
ព្រះសីហនុ៖ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរបស់ជប៉ុន ជាមួយកំពង់ផែក្រុងព្រះសីហនុ មិនមែនពាក់ព័ន្ធត្រឹមតែ រដ្ឋាភិបាលប៉ុណ្ណោះទេ ។
ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន និងកម្ពុជា បាននិងកំពុងបន្តពិភាក្សាគ្នាអំពីគំនិតនៃការធ្វើឲ្យកំពង់ផែព្រះសីហនុ ក្លាយជាកំពង់ផែសេរី ហើយជាគម្រោងសាកល្បង ដើម្បីសម្រេចបាននូវគំនិតនេះ ក្រុមហ៊ុនជប៉ុន AEON Mall Logi-Plus បានសាងសង់ឃ្លាំងភស្តុភារកម្មថ្មីមួយ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសកំពង់ផែព្រះសីហនុ ដែលមានទីតាំងជាប់នឹងកំពង់ផែនេះ និងបានដាក់ឱ្យដំណើរការប្រើប្រាស់កាលពីឆ្នាំមុន។
ដូច្នេះហើយ ប្រទេសជប៉ុន តាមរយៈវិស័យសាធារណៈ និងឯកជន បាននិងកំពុងគាំទ្រដល់ កំពង់ផែព្រះសីហនុ ដើម្បីអាចមានមុខងារ មិនត្រឹមតែជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលភស្តុភារកម្ម សម្រាប់តំបន់ទាំងមូលផងដែរ។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍បន្យថា ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រលើកនេះ ការចេញចូលទំនិញកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ នឹងមានភាពរលូនជាងមុន ហើយអាចទទួល យកនូវទំនិញកុងតឺន័រកាន់តែច្រើនមុន។
ឯកឧត្តម មានទំនុកចិត្តថា ការដាក់ឲ្យប្រើប្រាស់ចំណតផែកុងតឺន័របន្ថែមថ្មីនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយ នៃដំណើរការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុង តំបន់។ ហើយក៏ជឿជាក់ថា ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ប្រាកដជា អាចទាក់ទាញការ វិនិយោគថ្មីពីប្រទេសជប៉ុន និងប្រទេសដទៃទៀត ហើយនាំទៅរកការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ