នាយករដ្ឋមន្រ្តីកម្ពុជា ចាត់ទុកចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ជាការពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចាត់ទុកចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ដែលសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុន នៅខេត្តព្រះសីហនុនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងយើងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត ។
ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុន នៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ អាចចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែក សម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងរហូតដល់ ៤៩,២៥%។
សម្ដេចធិបតី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា រាជរដ្ឋាភិបាល នឹងខិតខំរៀបចំមូលដ្ឋានសេដ្ឋកិច្ចឲ្យបានគ្រប់ជ្រុងជ្រោយ គ្រប់វិស័យទាំងអស់ ខណៈការពង្រីកកំពង់ផែនៅខេត្តព្រះសីហនុបន្ថែមនេះ គឺនឹងជំរុញឲ្យផលិតផលកម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ទីផ្សារអន្តរជាតិ និង អាចធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាងបានផងដែរ ។
សម្ដេចថា សេដ្ឋកិច្ចកម្ពុជា មិនត្រូវមានតែមួយជ្រុងនោះទេ ពោល គឺត្រូវមានគ្រប់ជ្រុងជ្រោយទាំងអស់ ។ ត្រង់ន័យនេះ សម្តេចធិបតី ចង់និយាយថា បើការធ្វើកសិកម្មរបស់ប្រជាកសិករបានប៉ុន្មានក៏ដោយបើគ្មានកន្លែងដឹកជញ្ជូនត្រឹមត្រូវទេ ក៏មិនអាចធ្វើការប្រកួតប្រជែងជាមួយគេបាននោះដែរ។ ដូច្នេះហើយរាជរដ្ឋាភិបាល នឹងខិតខំធ្វើយ៉ាងណាពង្រីកធ្វើកិច្ចការនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាក់ស្តែងដូចជាកំពង់ផែនៅខេត្តព្រះសីហនុនេះតែម្តង វាជាសមិទ្ធផលដ៏ល្អសម្រាប់ធ្វើការជំរុញទំនិញកម្ពុជាទៅក្រៅប្រទេសឲ្យកាន់តែរីកធំធាត់បន្ថែមទៀត ។
សម្តេចធិបតី ក៏បានលើកឡើងផងដែរថា ការពង្រីកកំពង់ផែនៅខេត្តព្រះសីហនុ នាពេលនេះ នឹងធ្វើឲ្យផែរបស់កម្ពុជា អាចមានការប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ខណៈចំណតផែកុងតឺន័របន្ថែម ដែលមានប្រវែង២៥៣ម៉ែត្រនេះ នឹងក្លាយទៅជាជម្រើសបន្ថែមទៀត ក្នុងការទាក់ទាញនាវាដឹកទំនិញធំៗមកកាន់កម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត ស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ