Trump , Harris និង Biden រួមគ្នារំលឹកព្រឹត្តិការណ៍យន្តហោះបុកអគារភ្លោះ
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden, អនុប្រធានាធិបតី លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃពុធ បានចូលរួមពិធីរំលឹកខួប លើកទី២៣ នៃការវាយប្រហារ ថ្ងៃទី១១កញ្ញា នៅឯទីក្រុងញូវយ៉ក។
ពួកគេទាំងបីនាក់ និងអ្នកចូលរួមផ្សេងទៀត បានឈររួមគ្នាបង្ហាញពីការរំឮកដល់ថ្ងៃវាយប្រហាររបស់ពួកអាល់កៃដា ឆ្នាំ២០០១។ អ្វីជាការកត់សម្គាល់ បេក្ខភាពប្រធានាធិបតីទាំងពីររូប គឺលោកស្រី Harris និងលោក Trump បានដាក់រឿងនយោបាយ មួយឡែកសិន ពោលគឺនៅប៉ុន្មានម៉ោងបន្ទាប់ពីពួកគេបានប៉ះទង្គិចពាក្យសម្តីគ្នា អំឡុងការជជែកដេញដោល ដ៏ក្ដៅគគុក ជាលើកដំបូង។
ជុំវិញការរម្លឹកថ្ងៃវាយប្រហារ ថ្ងៃ១១ កញ្ញា លោកស្រី Harris បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងឈរក្នុងសាមគ្គីភាព ជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់ របស់ពួកគេ។ យើងក៏គោរពនូវវីរភាពដ៏អស្ចារ្យ របស់ប្រជាជនដែលបានស្លាប់ បញ្ជាក់ពីការជួយគ្នារវាងប្រជាជាតិអាមេរិក»។ ក្រោយមក លោកស្រី Harris និងលោក Biden បានធ្វើដំណើរទៅកាន់រដ្ឋ Pennsylvania ជាទីកន្លែងយន្តហោះដែលត្រូវបានពួកភេរវករប្លន់បានធ្លាក់ ហើយ លោក Trump បានទៅតាមក្រោយ។
គួររម្លឹកថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្រុមភេរវជនអាល់កៃដាបានប្លន់ និង បញ្ជាយន្តហោះដឹកអ្នកដំណើរ ទៅបុកអគារពាណិជ្ជកម្មធំពីរ របស់សហរដ្ឋអាមេរិក បណ្ដាលឲ្យមនុស្សជិត ៣ពាន់នាក់បាត់បង់ជីវិត។ យន្តហោះមួយទៀតបានបើកទៅបុក នៅខាងក្រៅមន្ទីរបញ្ចកោណអាមេរិក នៅក្រុងវ៉ាស៊ីនតោន ហើយយន្តហោះ១គ្រឿងទៀត បានធ្លាក់នៅទីវាលមួយកន្លែងទៀត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត