កម្ពុជា- ឥណ្ឌូណេស៊ី កំពុងជំរុញគំនិតផ្តួចផ្តើម ជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកប្រទេសកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សាធារណរដ្ឋឥណ្ឌូណេស៊ី ចំពោះជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលឥណ្ឌូណេស៊ីដល់ប្រទេសកម្ពុជាក្នុងគ្រាលំបាក ជាពិសេសការជួយសម្របសម្រួលក្នុងដំណើរការចរចាសន្តិភាពនាឆ្នាំ១៩៩១ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ លើគ្រប់វិស័យ ដែលមានជាអាទិ៍៖ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិនិងសន្តិសុខ អប់រំ កសិកម្ម និងទេសចរណ៍។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីគោលដៅនៅក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ឱ្យប្រែក្លាយជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសខាងផ្នែកសេដ្ឋកិច្ច និង ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយផ្តោតលើយុវជនជំនាន់ក្រោយ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងបានគាំទ្របេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ជាពិសេសការជំរុញគំនិតផ្តួចផ្តើមការ ហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់រួមគ្នាអំពីសារៈសំខាន់របស់ការងារអធិការកិច្ច ក្នុងការចូលរួមចំណែកជួយពង្រឹងអភិបាលកិច្ចល្អ លើកកម្ពស់ភាពស្អាតស្អំ គណនេយ្យភាព និងតម្លាភាពក្នុងស្ថាប័ន សាធារណៈ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ជំនួបទ្វេភាគីរវាង ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បាន បញ្ចប់ដោយភាតរភាព និងផ្លែផ្កាដែលទទួលបានលទ្ធផលលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច ដូចខាងក្រោម៖
១)- ស្ថានទូតឥណ្ឌូណេស៊ីឯកភាពធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមាន សមត្ថកិច្ចប្រហាក់ប្រហែលនៅឥណ្ឌូណេស៊ី ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច។
២)- ទទួលយកសំណើពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យអធិការកិច្ចរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលមានសមត្ថកិច្ចប្រហាក់ប្រហែលនាពេលខាងមុខ។ ៣) – ឯកភាពពិនិត្យលទ្ធភាពក្នុងការរៀបចំការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរវាងប្រតិភូនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកក្នុងវិស័យអធិការកិច្ច និងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច តាមរយៈការផ្តល់ ការបណ្តុះបណ្តាល និងព័ត៌មានអាហារូបករណ៍ ៕
ដោយ ៖ ហេង សម្បត្តិ