គ្រឹះស្ថានអង្គរប្រកាសពីការកែទម្រង់ប្រតិបត្តិការនិងលុបព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិសម្រាប់សំបុត្ររយៈពេល ១ថ្ងៃ

ភ្នំពេញ៖គ្រឹះស្ថានអង្គរបានជូនដំណឹងស្តីពីការកែទម្រង់ប្រតិបត្តិការ​លក់បណ្ណ និងត្រួតពិនិត្យបណ្ណព្រមទាំងព្រមទាំងលុប ចោលទាំង​ស្រុង​នូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិសម្រាប់​សំបុត្ររយៈ​ពេល ១ថ្ងៃ។

យោងតាមសេចក្តីជូនដំណឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤គ្រឹះ​ស្ថានអង្គរបានបញ្ជាក់ថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាល នឹងប្រកាសដាក់ឱ្យអនុវត្តការកែទម្រង់ប្រតិបត្តិការ លក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះដែលនេះជាការកែ ទម្រង់ដំណាក់កាលទី១។

ការកែទម្រង់ដំណាក់កាលទី១នេះ មានដូចជាលុបចោលទាំង​ស្រុង​នូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុនិងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈ​ពេល១ថ្ងៃ។ ជាមួយគ្នានេះសម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ រក្សារូបថត និងលុបចោលនូវព័ត៌មាន សញ្ជាតិ ក្រុមអាយុ និងភេទ ដោយអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ដោយឡែកការត្រួតពិនិត្យប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក៏មានការផ្លាស់ប្តូរដែរ ដោយបានផ្លាស់ប្តូរការត្រួតពិនិត្យបណ្ណ ពីរមណីយដ្ឋានអង្គរទាំងមូល មកធ្វើការត្រួតពិនិត្យនៅតាមច្រកចូល​ប្រាសាទវិញ។

ប្រភពដដែលបន្តថា ជាមួយគ្នានេះ គ្រប់ប្រតិបត្តិករទេសចរណ៍​ទាំងអស់ ដែលមានភ្ញៀវទេសចរអន្តរជាតិ បានធ្វើការកក់ (Booking)​រួចហើយនូវបណ្ណរយៈពេល៣ថ្ងៃនិង៧ថ្ងៃត្រូវផ្តល់នូវចំនួនភ្ញៀវទេសចរដែលបានកក់រួចនេះមកគ្រឹះស្ថានអង្គរឱ្យបាន មុនថ្ងៃប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី១ នៃការកែទម្រង់ខាង​​លើនេះ ដើម្បីឱ្យគ្រឹះស្ថានអង្គរអាចរក្សាចំនួនបណ្ណ សម្រាប់លក់ជូន ដោយតម្រូវឲ្យមានរូបថតដូចមុន។

គ្រឹះស្ថានអង្គរបានបន្ថែមថាចំពោះការកែទម្រង់ដំណាក់កាលទី២នៃការលក់បណ្ណតាមប្រាសាទរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្ត នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។

សូមជម្រាបថាកន្លងមកគ្រឹះស្ថានអង្គរបានតម្រូវឱ្យទេសចរអន្ដរជាតិទិញសំបុត្រនៅពេលពួកគាត់ជិះកាត់តាមផ្លូវនៅក្នុងរមណីយដ្ឋានអង្គរ ប៉ុន្ដែត្រូវបានកែប្រែដោយពួកគាត់អាចជិះតាមផ្លូវកាត់ប្រាសាទដោយមិនមានការត្រួតពិនិត្យសំបុត្រទៀតឡើយ ពោលមិនតម្រូវឱ្យពួកគាត់ទិញសំបុត្រដូចមុនឡើយ លើកលែងតែ​ពួក​គាត់ចូលទស្សនាប្រាសាទ។ ជាមួយគ្នានោះ គ្រឹះស្ថានអង្គរ មានគម្រោងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិ លក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរ​ជាតិ នៅជិតប្រាសាទក្នុងរមណីយដ្ឋានអង្គរ ដើម្បីងាយស្រួលដល់ឱ្យ​ភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ឬទិញនៅ​គ្រឹះស្ថាន​អង្គរ ដែលកិច្ចការនេះ នឹងចាប់ពីដើមខែតុលាខាងមុខនេះ។

គ្រឹះស្ថានអង្គរ ក៏គ្រោងរៀបចំការលក់សំបុត្រជាក្រុមប្រាសាទ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលទស្សនាចំណាយតិច ចំណេញពេលវេលា ៕
ដោយ៖មុនី

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner