មេដាយកីឡាការិនី ហួន ទិត្យដាលីន ដណ្តើមបានពីការប្រកួតនៅថៃ គឺជាសមិទ្ធផលថ្មី មួយទៀត ជាមោទនភាពសម្រាប់វិញ្ញាសាហែលពាក់ជើងទា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានគូបញ្ជាក់ ថា សមិទ្ធផលមេដាយ៤គ្រឿង ដែលកីឡាការិនី ហួន ទិត្យដាលីន ដណ្តើមបានពីការ ប្រកួត SEA WAVE Finswimming Round4 2024 នៅប្រទេសថៃ គឺជាសមិទ្ធផលថ្មី មួយទៀត និងជាមោទនភាពមួយសម្រាប់វិញ្ញាសាហែល ទឹកពាក់ជើងទារបស់កម្ពុជា។
ការថ្លែងលើកឡើងរបស់ លោក ហែម គិរី បានធ្វើឡើង នាអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នារសៀលថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៤។

លោក ថា នៅក្នុងការប្រកួតនេះ កីឡាការិនី ហួន ទិត្យដាលីន ដណ្តើម បានមេដាយ ចំនួន ៤គ្រឿងលើប្រភេទអាយុក្រោម១១ឆ្នាំ ក្នុងនោះមេដាយ ប្រាក់២គ្រឿងដណ្តើម បាន លើវិញ្ញាសាហែលទឹកចម្ងាយ ៥០ម៉ែត្រ របៀបហែល Surface និង វិញ្ញាសាហែល ទឹកចម្ងាយ ១០០ម៉ែត្រ របៀបហែល Surface ខណៈដែលមេដាយសំរិទ្ធ ២គ្រឿងរក បានលើ វិញ្ញាសាហែលទឹកចម្ងាយ ៥០ម៉ែត្រ របៀបហែល Bi-Fins និងវិញ្ញាសាហែល ទឹកចម្ងាយ ១០០ម៉ែត្រ របៀបហែល Bi-Fins។

អគ្គលេខាធិការ ខាងលើ បានគូសបញ្ជាក់ទៀតថា ការបញ្ជូនអត្តពលិកហែលទឹកទៅ ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ គឺជាការវាស់ស្ទង់កម្រិតបច្ចេកទេសមួយ ដើម្បីត្រៀមខ្លួន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជើងឯកអាស៊ីអាគ្នេយ៍ នាអំឡុង ខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។ ដូច្នោះ ការវាស់ស្ទង់តាមរយៈការប្រកួតនៅថៃនេះ ថ្វីដ្បិតកីឡាករកីឡាការិនីយើងមិនដណ្តើម​បាន​មេដាយកម្រិតយុវជនឈុតធំ ប៉ុន្តែការវាស់ស្ទង់គឺកម្ពុជាជាប់នៅក្នុងចំណាត់​ថ្នាក់​ប្រហាក់​ប្រហែលប្រទេសខ្លាំងក្នុងតំបន់អាស៊ាន មានឥណ្តូនេស៊ី និងប្រទេសវៀតណាម ដែលជាប្រទេសខ្លាំងខាងផ្នែកវិញ្ញាហែលពាក់ជើងទា។តាមរយៈការវាយតម្លៃនេះ សម្រាប់កម្ពុជាយើង និងជំរុញឱ្យគ្រូបង្វឹកធ្វើការពង្រឹងសមត្ថភាពកីឡាករកីឡាការី ពិសេស យុវជន ធ្វើយ៉ាងណាឱ្យពួកគេកាន់តែរីកចំរើនបច្ចេកទេស។

លោក អគ្គលេខាធិការ បានអះអាងថា សមិទ្ធផលដែលទទួលបាន នាពេលកន្លងមក និងកំពុងទទួលបាននេះ គឺទទួលបានពីការខិតខំប្រឹងប្រែង ពិសេស ទទួលបានការ​ជួយជំរុញគាំទ្រពីថ្នាក់ដឹកនាំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានសហ​ព័ន្ធ​ខ្មែរកីឡាហែលទឹក លោកបានប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង ពិសេស កាបញ្ជូនកីឡាករកីឡាការិនីទៅចូលរួមប្រកួត។

លោក អគ្គលេខាធិការ បន្ថែមទៀតថា សម្រាប់លទ្ធផលដែលទទួលបាននាពេលនេះ វាមិនមែនកើតឡើង ដោយឯងៗនោះទេ ពោលកើតឡើងដោយការខិតខំប្រឹងប្រែង​ទាំងអស់គ្នា។ដូច្នោះហើយ សូមភាគីពាក់ព័ន្ធ ក៏ដូចជាអាណាព្យាបាលសូមចូលរួមលើក​ទឹកកូនៗឱ្យពួកគាត់បានចូលរួមក្នុងកីឡា ដើម្បីឱ្យពួកគាត់ចៀសផុតពីអំពើរឧបាយមុខ និងគ្រឿងញាន ពីព្រោះមានតែក្មេងៗជាទំពាំងស្នងឬស្សីនេះហើយ ជាសក្កានុពលជំរុញឱ្យវិស័យកីឡាកម្ពុជារីកចម្រើន។

សូមបញ្ជាក់ថា ការប្រកួត SEA WAVE Finswimming Round4 2024 នៅប្រទេសថៃនេះ សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនប្រតិភូចូលរួមទាំងអស់៤រូប គ្រូបង្វឹក១រូប កីឡាករមួយរូប និងកីឡាការិនី២រូប ប្រកួតវិញ្ញាសា យុវជន និងយុវជនក្រោមអាយុ១១ឆ្នាំ៕

រូបភាព ៖ មឿង គឹមរ៉ុង
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner