កម្ពុជាបន្តហាមឃាត់នាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ៦ខែទៀត

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសរួមគ្នាមួយអំពីការកែសម្រួល វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែបន្ថែមទៀត។

តាមខ្លឹមសារសេចក្តីប្រកាសរួមនេះបានបញ្ជាក់ថាក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និង​បំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាសជូនដំណឹង​របស់ក្រសួង​ពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពី វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចិញ្ចឹមនៅកម្ពុជាត្រូវបាន​សង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេស នាំចេញ។ ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគ​បំណែកសាច់និងគ្រឿងក្នុង(Offal) ផ្សេងទៀត ក្រៅពីថ្លើមនៃសត្វ​ជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូក​នៅ​កម្ពុជា​បន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាត​ទាំងស្រុង។

ប្រភពដដែលបន្ថែមថា៖”ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូម​ជម្រាប ជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តអនុវត្ត វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល៦ខែបន្ថែមទៀត ដែលមានសុពលភាព ចាប់ពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។   

សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាបានធ្វើការ ប្រកាសហាមនាំ​ចូលគ្រឿងក្នុង និងបំណែកសាច់បង្កកជាច្រើនប្រភេទ ក្នុងនេះដូច​ជា៖ អណ្ដាតសត្វគោ ក្របី ជ្រូក មាន់បង្កក ថ្លើមសត្វគោ ក្របី ជ្រូក មាន់បង្កកគ្រឿងក្នុងបង្កកផ្សេងទៀតរបស់ សត្វគោ ក្របី ជ្រូក ដែលអាចបរិភោគបានក្រៅពីអណ្ដាត និងថ្លើម ព្រមទាំងគ្រឿងក្នុង និងផ្នែកមួយចំនួនទៀតរបស់សត្វ៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner