គ.ជ.ប ៖ ទោះមានភ្លៀងធ្លាក់ និង មានភូមិសាស្ត្រស្មុគស្មាញការចុះឈ្មោះបោះឆ្នោត រយៈពេល ១១ថ្ងៃកន្លងមកមានភាពរលូន និង ជោគជ័យ
(ភ្នំពេញ)៖ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ១១ថ្ងៃកន្លងមកនេះ បើទោះបីថ្ងៃខ្លះមានភ្លៀងធ្លាក់ជួបការលំបាក និងកន្លែងខ្លះទៀតមានភូមិសាស្ត្រស្មុគស្មាញក៏ដោយ តែក៏បានប្រព្រឹត្តិទៅដោយរលូន និង ជោគជ័យផងដែរ។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

បញ្ជាក់នៅក្នុងពិធី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តម ហេង ស៊ីឡេង បានឱ្យដឹងថា៖ក្នុងរយៈពេល ១១ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកឃើញថា៖ទាំងគ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោត បានត្រៀមខ្លួន និងបាន អនុវត្តយ៉ាងត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នេះ ប្រព្រឹត្តទៅ រលូនល្អ។

ឯកឧត្តមបានបន្តឱ្យដឹងថា”ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងកុះករក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។អ្នកសារព័ត៌មានបានផ្សព្វផ្សាយទូលំទូលាយធ្វើឱ្យសាធារណជនមានការយល់ដឹងច្បាស់អំពី នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ហើយបានអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត យ៉ាងច្រើនកុះករ។
ឯកឧត្តម ហេង ស៊ីឡេងបានបន្តឱ្យដឹងថា៖បើគិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ គ.ជ.ប បានអនុញ្ញាតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៣ ដែលមានអ្នកសង្កេតការណ៍ជាតិសរុបចំនួន ១.៩១០នាក់ ក្នុងនោះស្រីចំនួន ៦៨៩នាក់។ ចំពោះ រអ្នកសង្កេតការណ៍អន្តរជាតិពុំទាន់មាន។
ឯកឧត្តមបានឱ្យដឹងបន្ថែមដែរថា៖គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសារព័ត៌មានជាតិ សរុបចំនួន ២១នាក់ ស្រី ៥នាក់ មកពី ៤អង្គភាព។ ចំពោះអ្នកសារព័ត៌មានអន្តរជាតិពុំទាន់មាន។ សម្រាប់កាលបរិច្ឆេទនៃការទទួលចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ ចាប់ផ្តើមពី ថ្ងៃទី១ ខែសីហា បញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។សម្រាប់ គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ និងថ្នាក់ គ.ជ.ប ពុំទទួលបាន ពាក្យបណ្ដឹងទេ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ផ្អែកតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការកំណត់ចំនួនទីតាំងការិយាល័យបោះឆ្នោត សម្រាប់អនុវត្ត ផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដែល គ.ជ.ប បានទទួលពីគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេសតាមរយៈ លធ.ខប ទាំង ២៥ ឃើញថា៖ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ១១.២១៨.០៦៩នាក់ ក្នុងនោះស្ត្រីចំនួន ៥.៨៤៨.៧២៩នាក់ ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ ចំនួន ១៤២.៦៤៥នាក់ប្រជាពលរដ្ឋផ្លាស់ចូលក្នុងឃុំ សង្កាត់ថ្មី ចំនួន ៣០.៧៦៦នាក់ប្រជាពលរដ្ឋត្រូវចុះឈ្មោះបោះឆ្នោត ចំនួន ២២៤.១៥៦នាក់ចំនួនអ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៥៩.៩៦៨នាក់ ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ចំនួន ៩.៨៧១.៤៩៥នាក់.ការិយាល័យបោះឆ្នោត ចំនួន ២៤.១៨៨ការិយាល័យ។
គួរបញ្ជាក់ថា៖កាលបរិច្ឆេទនៃការទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពី ថ្ងៃទី១ ខែសីហា បញ្ចប់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕

ដោយ ៖ ម៉ាដេប៉ូ