សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ទស្សនៈនិងអនុសាសន៍មួយចំនួន ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា
ព្រះសីហនុ៖ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែកុងតឺន័រប្រវែង២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវទស្សនៈនិងអនុសាសន៍មួយចំនួន ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ។

ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ។ក្នុងនោះ ទី១.លើកទឹកចិត្ដ ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ បុគ្គលិក កម្មករនិយោជិក នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុទាំងអស់ឱ្យបន្ដខិតខំបំពេញការងារឱ្យកាន់តែប្រសើរ និងខ្លាំងខ្លា ថែមទៀត ព្រមទាំងបន្ដអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីរួមចំណែកក្នុងការធ្វើទំនើបកម្មកំពង់ផែកម្ពុជា កំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់។ទី២.គ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សូមបង្កើនកិច្ចសហការល្អ ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញ មុខងារ និងភារកិច្ចក្នុងកិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហ-ថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែង។ទី៣. ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរ, ជាពិសេសការថែទាំសមិទ្ធផលថ្មីនេះគឺ «ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»។

សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា។ កំពង់ផែនេះស្ថិតនៅឈូងសមុទ្រកំពង់សោមដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារបាំងខ្យល់ និងរលកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ ។
កំពង់ផែនេះ ត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ១៩៥៦ និងបានពង្រីកជាលំដាប់ ហើយឥឡូវនេះ កំពង់ផែមានចំណតនាវាចំនួន៨ចំណត ដែលបំពាក់ ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់ ៕








ដោយ៖វណ្ណលុក