ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រកាសប្រគល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤ ដល់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នៅសប្តាហ៍ក្រោយ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលជប៉ុនប្រកាសជាបុគ្គលឆ្នើមទទួលគ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២៤ ។ គ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២៤ នេះ ត្រូវបានគេបញ្ជាក់ថា គឺផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនោះ ក្នុងវិស័យនានាក្នុងសង្គម។

យោងតាមស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កម្មវិធីប្រគល់គ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២៤ ជូនដល់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នឹងប្រារព្វធ្វើ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា សប្តាហ៍ក្រោយ ។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី គឺជារដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងបច្ចុប្បន្នជានាយកកិត្តិយស នឹងត្រូវទទួលគ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon ដែលជាការទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តមបណ្ឌិត ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី គឺជាអតិតនិស្សិតខ្មែរជំនាន់ទី១ ដំបូងបង្អស់ ដែលបានទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាលជប៉ុន ទៅសិក្សនៅប្រទេសជប៉ុននៅក្នុងឆ្នាំ១៩៩៣ ។ ឯកឧត្តមបណ្ឌិត បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតជំនាញវិស្វករអគ្គិសនី និងអេឡិចត្រូនិច ពីសកលវិទ្យាល័យ Hokkiado និងវិទ្យាស្ថានបចេ្ចកវិទ្យា Kitami ពីប្រទេសជប៉ុន បានយ៉ាងជោគជ័យ។ បន្ថែមពីនោះ ឯកឧត្តមក៏បានសហការធ្វើការស្រាវជ្រាវជាច្រើនជាមួយអ្នកស្រាវជ្រាវជប៉ុន ដែល ឯកឧត្តមបានបោះពុម្ភផ្សាយជាច្រើននូវនិក្ខេបបទ និងអត្ថបទដែលជាសមិទ្ធិផលដំបូងបង្អស់ នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យសិក្សាធិការជប៉ុន-កម្ពុជា ។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ត្រូវបានគេឲ្យដឹងថា បានលើកស្ទួយទំនាក់ទំនងទ្វេភាគី និងជម្រុញកិច្ចសប្រតិបត្តិការទៅវិញទៅមកដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីកម្ពុជា-ជប៉ុន ជាពិសេសឯកឧត្តមបានចូលរួមយ៉ាងសកម្មក្នុងការជំរុញបម្លាស់ប្តូរសិក្សាយុវជនជប៉ុន-កម្ពុជា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសិក្សាធិការផងដែរ ៕


ដោយ ៖ គង់ សុផល