សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើសុំអោយសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ

(ភ្នំពេញ)៖សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំឱ្យសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរដែលតែងតែកើតមានជារៀងរាល់ថ្ងៃនោះ ជាមួយនិងការ កោតសរសើរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ ។

ការស្នើសុំរបស់សមាជិកក្រុមប្រឹក្សារាជធានីបែបនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កញ្ញា ក្រោមអធិបតីភាព ឯកឧត្ដមជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមកើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឆ្លើយតបទៅនឹងការស្នើឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ ការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដោយយើងបានពង្រឹងការអនុវត្តច្បាប់ចរាចរ ការផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥ទៅ៦នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។

ឯកឧត្ដម កើត ឆែ បានបន្តទៀតថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម កើត ឆែ នៅតែជំរុញឱ្យ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ លើវិស័យសុខាភិបាល ។

ឯកឧត្ដម ជួប ខុន បានលើកឡើងថា៖ កិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សា​រាជធានីភ្នំពេញ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៧ ក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ ឯកឧត្តម ម៉ក់ ថាយ សមាជិក​ក្រុម​ប្រឹក្សារាជធានី ភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា​ចំនួន​បីលើកជាប់គ្នា។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរ​ការកសាងផែនការ​អភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) និងសេចក្តីព្រាងគោលការណ៍ណែនាំ​ផ្នែក​គោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានីភ្នំពេញ។
៥- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើទឹកចិត្ត របស់រដ្ឋបាល​រាជធានី​ភ្នំពេញ។
៦- ពិនិត្យពិភាក្សា និងផ្តល់យោបល់លើចម្លើយតបចំពោះសំណើ និងសំណូមពររបស់​ប្រជា​ពលរដ្ឋ​ក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌ ទាំង១៤ ក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋ​នៅក្នុងវេទិការបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤ នៅតាមខណ្ឌទាំង១៤។
៧- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងឯកសារស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner