អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅឱ្យកម្លាំងគណៈបញ្ជាការឯកភាព ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ និងការពារសន្តិសុខ នៅតាមវត្ត
(ភ្នំពេញ)៖ ស្របពេលដែលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរ ជិតឈានចូលមកដល់ ផ្នែកពុទ្ធចក្រ និងអាណាចក្រ បានបើកកិច្ចប្រជុំរួមគ្នា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី ពង្រឹងការងាររៀបចំ សណ្ដាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ និងការពារសន្តិសុខ ជូនពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ដែលអញ្ជើញមកធ្វើបុណ្យ នៅតាមទីវត្តអារាម ទាំង២៤ នៅក្នុងខណ្ឌច្បារអំពៅ ។
នៅក្នុងកិច្ចប្រជុំរវាង ផ្នែកពុទ្ធចក្រ និងអាណាចក្រនេះដែរ លោក ចេង មុនី អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានថ្លែងថា ចាប់ពីថ្ងៃនេះទៅ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ រួមគ្នាចុះ រៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ នៅតាមទីវត្តអារាម ឲ្យបានស្អាត និងមានសណ្ដាប់ធ្នាប់ល្អ ដើម្បីត្រៀមទទួលពុទ្ធបរិស័ទនិងប្រជាពលរដ្ឋមកធ្វើបុណ្យ ក្នុងពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ដូច្នេះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវចូលរួម កិច្ចការងារនេះឲ្យបានល្អ ដើម្បីរួមចំណែកក្នុងការរៀបចំ ទីវត្តអារាមអោយមានសោភ័ណ្ឌភាព ។

ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព រៀបចំចាត់ចែងរួចជាស្រេចសម្រាប់ការពារសន្តិសុខសុវត្ថិភាពជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ដែលមកធ្វើបុណ្យ ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បានធ្វើបុណ្យប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួន ។
បន្ទាប់ពីស្ដាប់ការលើកឡើងរបស់លោកអភិបាលខណ្ឌ ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅស្ដីពីផែនការរៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ និងការពារសន្ដិសុខ ជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅតាមទីអារាមទាំង ២៤វត្ត ក្នុងខណ្ឌច្បារអំពៅរួចមក ព្រះគ្រូចៅអធិការវត្តទាំងអស់ បានមានសង្ឃដីកា ថ្លែងអំណរគុណ ដល់លោកអភិបាលខណ្ឌ ដែលតែងតែយកចិត្តទុកដាក់ ជារៀងរាល់ឆ្នាំ លើការងារ រៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ និងការពារសន្តិសុខ នៅតាមទីវត្តអារាម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរផងដែរ ៕




ដោយ ៖ វណ្ណលុក