រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញមន្រ្តីមន្ទីរឱ្យសេវាកម្មផ្សេងៗ​តាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែង​

កំពង់ធំ៖ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងពិធីសំណេះសំណាលជាមួយ​មន្ត្រីរនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំកាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២៤ឯកឧត្តមបាន​ជំរុញឱ្យមន្រ្តីនៅទីនោះយកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួត​ប្រជែងក្នុង​បរិបទ​សេដ្ឋកិច្ចសកល។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ ជាសេនាធិការឱ្យក្រសួង លើ​ការងារ​សម្របសម្រួលជាមួយបណ្ដាស្ថាប័ន មន្ទីរអង្គភាពជំនាញនៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ ព្រមទាំងអនុវត្តភារកិច្ចគ្រប់​គ្រង​វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្ត។ ជាអ្នក​ផ្សព្វផ្សាយ​ណែនាំ អនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួម​របស់ក្រសួង ។មន្ទីរចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង និងការងារប្រតិភូកម្ម ទៅរដ្ឋបាលថ្នាក់​ក្រោមជាតិតាមដាន ។ជំរុញការងារឧស្សាហកម្ម សិប្បកម្ម និងការងារ​ទឹក​ស្អាតនៅតាម​បណ្តា​ក្រុងស្រុកចូលរួមអនុវត្តកម្មវិធីកំណែទម្រង់​ផ្សេងៗស្របតាមសេចក្តីណែនាំរបស់ក្រសួង ស្ថាប័នជំនាញ សហការ​ជាមួយក្រសួង អនុវត្តការងារបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម​សហការជាមួយអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យ STI ចូលរួមគាំទ្រ ផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម SME, STI ទឹកស្អាត សម្របសម្រួល និងអនុវត្ត​ការងារស្តង់ដារ និងមាត្រាសាស្ត្រ។

ឯកឧត្តម ហែម វណ្ណឌី បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ឱ្យបន្ត​អនុវត្ត​ការងារបម្រើសេវាសាធារណៈ ធ្វើជាសេនាធិការឱ្យថ្នាក់ខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុង ទៅតាមតួនាទីភារកិច្ចនិងបង្កើនចំណង​សាមគ្គី​ផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់​ព័ន្ធសម្តៅ​ធ្វើយ៉ាងណា​ឱ្យការងារ ដំណើរការទៅមានភាពរលូន តម្លាភាព។ ត្រូវចុះត្រួតពិនិត្យ​តាមក្រុមហ៊ុនឯកជន​ដែលកំពុងធ្វើ​អាជីវកម្ម​ទឹកស្អាតជូនប្រជាពលរដ្ឋ​តើត្រឹមត្រូវតាមស្តង់ដាដែរឬទេ? ធ្វើបែបនេះដើម្បីការពារ​សុខភាពជូនអ្នកប្រើប្រាស់។

លោក ប្លោក ចាន់រដ្ឋា ប្រធានមន្ទីរ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ បានឱ្យដឹងថា​ខេត្តកំពង់ធំមានរដ្ឋាករទឹក​សាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជនចំនួន២៩មូលដ្ឋាន(រដ្ឋាករ ទឹកសាធារណៈ ២ និងឯកជន ២៧) ដែលកំពុងដំណើរការ​ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ និងកំពុងស្នើសុំប្រកាសអនុញ្ញាត៕
ដោយ៖ប៊ុន រដ្ឋា

ads banner