សិង្ហបុរីចាយ ១៩០លានដុល្លារ ជួយពលរដ្ឋកាត់បន្ថយចំណាយថ្លៃសេវាដឹកជញ្ជូនសាធារណៈ
សិង្ហបុរី ៖ រដ្ឋាភិបាលសិង្ហបុរីនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១៩១លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជនមានប្រាក់ចំណូលទាប និងគាំទ្រដល់ប្រតិបត្តិករដឹកជញ្ជូនសាធារណៈ ពាក់ព័ន្ធនឹងការពន្យារពេលដំឡើងថ្លៃសេវាដឹកជញ្ជូនសាធារណៈបន្ថែមទៀត។
ក្រសួងដឹកជញ្ជូនសង្ហិបុរី (MOT) បានបញ្ជាក់ថា ការឧបត្ថម្ភធនចំនួន ១៩១លានដុល្លារអាមេរិកនេះ គឺស្ថិតក្រោមការឧបត្ថម្ភធនផ្នែកដឹកជញ្ជូនសាធារណៈប្រចាំឆ្នាំ ដែលមានទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យសេវាឡានក្រុង និងរថភ្លើងសាធារណៈនៅតែបន្តដំណើរការ។
វិធានការរបស់រដ្ឋាភិបាលសង្ហិបុរីនេះ នឹងធ្វើឱ្យគ្រួសារដែលមានប្រាក់ចំណូលទាបកាន់តែច្រើនឡើង អាចទទួលបានអត្ថប្រយោជន៍ច្រើន ពីប័ណ្ណសាច់ប្រាក់(Voucher)នៃសេវាដឹកជញ្ជូនសាធារណៈ ដើម្បីទូទាត់ផលប៉ះពាល់ពីការដំឡើងថ្លៃដឹកជញ្ជូន ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៨ ខែធ្នូខាងមុខ។
ប័ណ្ណសាច់ប្រាក់នៅឆ្នាំ២០២៤នេះ នឹងមានតម្លៃជាង ៤៦ដុល្លារអាមេរិកក្នុងមួយប័ណ្ណ បើធៀបនឹងប័ណ្ណសាច់ប្រាក់ដែលបានផ្តល់កាលពីឆ្នាំមុន មានត្រឹម ៣៨ដុល្លារអាមេរិក។
ប័ណ្ណសាច់ប្រាក់ទូទាត់សេវាដឹកជញ្ជូនសាធារណៈនេះ នឹងផ្តល់ជូនដល់គ្រួសារដែលមានប្រាក់ចំណូលទាបប្រមាណ ៦០,០០០គ្រួសារបន្ថែមទៀត ដែលភាគច្រើនអាចរកចំណូលចន្លោះពី ១,២០០ដុល្លារអាមេរិក ដល់ ១,៣០០ដុល្លារក្នុងមួយខែ។ ប័ណ្ណសាច់ប្រាក់នេះ អាចប្រើដើម្បីទូទាត់ថ្លៃសំបុត្រធ្វើដំណើរ ឬទិញសំបុត្រធ្វើដំណើរប្រចាំខែ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា