បារម្ភពីកង្វះកម្លាំងពលកម្ម! ចិនគ្រោងពន្យារពេលអាយុចូលនិវត្តន៍
ប៉េកាំង ៖ មន្រ្តីបង្កើតគោលនយោបាយចិន ក្នុងសប្តាហ៍នេះ បានវាយតម្លៃផែនការផ្លូវការមួយ ដើម្បីពន្យារអាយុចូលនិវត្តន៍របស់ប្រទេសចិន ដែលនេះជាជំហានដ៏សំខាន់មួយ សំដៅដោះស្រាយកង្វះកម្លាំងពលកម្ម។
កិច្ចពិភាក្សាអំពីការពន្យារអាយុចូលនិវត្តន៍នេះ កើតឡើងចំពេលដែលទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុចិន បានបង្ហាញថា យុត្តាធិការថ្នាក់ខេត្តចំនួន១១ របស់ប្រទេសចិន កំពុងដំណើរការឱនភាពថវិកាសោធននិវត្តន៍។ បណ្ឌិតសភាវិទ្យាសាស្ត្រចិនគ្រប់គ្រងដោយរដ្ឋមើលឃើញថា ប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសចិន នឹងអស់ប្រាក់នៅឆ្នាំ ២០៣៥។
ប្រទេសចិនបានប្រកាសកាលពីខែកក្កដាថា ខ្លួននឹងបង្កើនអាយុចូលនិវត្តន៍ជាបណ្តើរៗ ដើម្បីអនុញ្ញាតឱ្យមនុស្សធ្វើការបានយូរជាងមុន ក្នុងគោលបំណងកាត់បន្ថយសម្ពាធលើថវិកាសោធននិវត្តន៍។
អាយុចូលនិវត្តន៍នៅចិន បច្ចុប្បន្ននេះគឺនៅអាយុ ៦០ឆ្នាំសម្រាប់បុរស និងពី ៥០ ទៅ ៥៥ឆ្នាំសម្រាប់ស្រ្តី។
ចំនួនប្រជាជនចិនបានធ្លាក់ចុះពីរឆ្នាំជាប់ៗគ្នា ហើយត្រូវបានរំពឹងថា នឹងបន្តធ្លាក់ចុះជាច្រើនទសវត្សរ៍ទៀត ដែលប្រការនេះនឹងដាក់សម្ពាធលើចំនួនប្រជាជនមានវ័យចំណាស់។ អាជ្ញាធរសុខាភិបាលជាតិចិនរំពឹងថា ក្រុមប្រជាជនមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ នឹងកើនឡើងពី ២៨០លាននាក់ ទៅជាង ៤០០លាននាក់នៅឆ្នាំ ២០៣៥ ដែលស្មើនឹងចំនួនប្រជាជនសរុបបច្ចុប្បន្នរបស់អង់គ្លេស និងសហរដ្ឋអាមេរិករួមបញ្ចូលគ្នា៕ ប្រភព៖ The Straitstimes ប្រែសម្រួលដោយ៖ ឈឹម ទីណា