ជប៉ុនត្រូវការពីឡុតបន្ថែម ១,០០០នាក់នៅឆ្នាំ ២០៣០
តូក្យូ ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន កំពុងប្រឈមមុខនឹងកង្វះអ្នកបើកយន្តហោះជាខ្លាំង។ ហើយការស្វែងរកពីឡុតទាំងនោះ នឹងមិនមែនជារឿងងាយស្រួលទេ។
បច្ចុប្បន្ន ប្រទេសជប៉ុនមានអ្នកបើកយន្តហោះប្រហែល ៧,១០០នាក់ ហើយរដ្ឋាភិបាលនៅត្រូវការប្រមាណ ១,០០០នាក់បន្ថែមទៀតនៅឆ្នាំ ២០៣០ ដើម្បីជួយបំពេញគោលដៅរបស់ខ្លួន ក្នុងការទាក់ទាញភ្ញៀវទេសចររហូតដល់ ៦០លាននាក់នៅឆ្នាំ ២០៣០។
មូលហេតុដែលជប៉ុនត្រូវការអ្នកបើកយន្តហោះថ្មីប្រមាណ ១,០០០នាក់នេះ គឺដោយសារតែក្រសួងដឹកជញ្ជូនជប៉ុនបានប្រកាសថា ពីឡុតក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដែលបច្ចុប្បន្នមានអាយុចាប់ពី ៥០ឆ្នាំ គ្រោងនឹងចូលនិវត្តន៍នៅឆ្នាំ ២០៣០។
មន្ត្រីនៃការិយាល័យអាកាសចរណ៍ស៊ីវិលជប៉ុន លោក Kentaro Fujibayashi បាននិយាយថា រដ្ឋាភិបាលប្តេជ្ញាបង្កើនចំនួនអ្នកបើកយន្តហោះនៅក្នុងប្រទេសជប៉ុន តាមគ្រប់មធ្យោបាយផ្សេងៗ។ លោកបន្តថា ប្រហែលជាមានក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដែលជ្រើសរើសអ្នកបើកយន្តហោះបរទេសយ៉ាងសកម្ម ហើយអាចនឹងមានក្រុមហ៊ុនផ្សេងទៀតដែលមិនធ្វើ។
លោកបន្ថែមថា វាជាគោលដៅមួយដែលយើងខិតខំ ហើយយើងនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបានគោលដៅនោះ។ លោក Kotaro Toriumi ជាអ្នកវិភាគនៅក្រុមហ៊ុនអាកាសចរណ៍ឯករាជ្យ បាននិយាយថា ប្រសិនបើជប៉ុនមិនអាចស្វែងរកអ្នកបើកយន្តហោះទេនោះ វានឹងក្លាយទៅជារឿងលំបាកបំផុត ក្នុងការសម្រេចបាននូវគោលដៅស្រូបទាញភ្ញៀវទេសចរឱ្យបាន ៦០លាននាក់នៅឆ្នាំ ២០៣០៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា