សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះការយកចិត្តទុកដាក់ទទួលពលករកម្ពុជា មកបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង
(កូរ៉េខាងត្បូង)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយឯកឧត្តម Yoon Suk-Yeol នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា លោក Yoon Suk-Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបន្ថែមកូតា សម្រាប់ពលករកម្ពុជា មកបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះការទទួលពលករកម្ពុជា មកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញ នូវចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា ។
ឯកឧត្តម ប្រធានាធិបតី Yoon Suk-Yeol ក៏បានថ្លែងអំណរគុណ សម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើត ពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ។
សូមជម្រាបថា គិតចាប់ពីឆ្នាំ២០០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ១០៥,៨៤៤នាក់ (ស្រី ២៣.០៧៦ នាក់) ទៅធ្វើការនៅកូរ៉េខាងត្បូង ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ។ ក្នុងនោះ ពលករបន្តអាណត្តិមានចំនួន ១៣,៩២៦នាក់ (ស្រី ២,៥០២ នាក់)។ ចំពោះពលករកម្ពុជាបម្រើការ ក្នុងវិស័យឧស្សាហកម្ម (៦៥,៣១៧ នាក់) កសិកម្ម (៣៥,០១១ នាក់) និងសំណង់ (៥,៥១៦ នាក់)។ គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពលករកម្ពុជាចំនួន ៤៥,១៧០នាក់ (ស្រី ១២,០៣៩ នាក់) កំពុងធ្វើការនៅកូរ៉េខាងត្បូង ដោយទទួលបានបៀរវត្សរ៍ប្រចាំខែជាមធ្យម ១,៤៥០ដុល្លារអាមេរិក។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ និស្សិតខ្មែរកំពុងសិក្សានៅកូរ៉េខាងត្បូងមានចំនួន ៣៩៩នាក់ ហើយស្ត្រីរៀបការជាមួយពលរដ្ឋកូរ៉េមានចំនួន ៤,៦៤១នាក់ ។
សម្ដេចតេជោ ក៏បានរំលឹកផងដែរ ចំពោះការខិតខំប្រឹងប្រែងតស៊ូជំនះរាល់ឧបសគ្គប្រឈមនូវបញ្ហាជាច្រើន រហូតបានចាប់ផ្ដើមនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ហើយបច្ចុប្បន្នមានភាពល្អប្រសើរជាលំដាប់។ នៅ៣ឆ្នាំខាងមុខ គឺជាពេលដែល ប្រារព្ធខួបអនុស្សាវរីយ៍ទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្តេចតេជោ បានស្នើដល់ ឯកឧត្តមប្រធានាធិបតី ពិចារណាលើកកម្ពស់ទំនាក់ទំនង ឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាងទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទាន ក្នុងការជួយកសាងប្រទេស និងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ហើយនៅក្នុងនេះដែរសាធារណរដ្ឋកូរ៉េក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានជម្រាបឯកឧត្តមប្រធានាធិបតីកូរ៉េផងដែរថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េដែលជាស្ពានដ៏ធំបំផុតនិងវែងបំផុតនៅកម្ពុជា ជាមួយគ្នានេះដែរសម្ដេចតេជោក៏បានថ្លែងនូវអំណរគុណចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។
ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ សម្ដេចតេជោ បានចាត់ទុកថាមានសារៈសំខាន់ ដែលពេលនេះ កម្ពុជាមានលទ្ធភាពច្រើនក្នុងការនាំចេញមកសាធារណរដ្ឋកូរ៉េ ដែលជាផ្នែកដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសយើងទាំងពីរនឹងមានឱកាសជំរុញឱ្យអ្នកវិនិយោគកូរ៉េទៅបន្តការវិនិយោគនៅកម្ពុជាបន្ថែមទៀត ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ បានស្នើប្រធានាធិបតី ជួយជំរុញក្រុមវិនិយោគកូរ៉េទៅបណ្ដាក់ទុននៅកម្ពុជា ដោយការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ គឺសម្រាប់ការវិនិយោគកូរ៉េ។
ឯកឧត្តមប្រធានាធិបតីកូរ៉េ មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសយើងទាំងពីរបានជំរុញថែមទៀតលើពាណិជ្ជកម្មនិងការវិនិយោគ។ ទាក់ទងនឹងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥ខាងមុខ ។ ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។
ឯកឧត្តមប្រធានាធិបតី ក៏បានរំលឹកថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅសាធារណរដ្ឋកូរ៉េ កាលពីឧសភាកន្លងមក រដ្ឋាភិបាលកូរ៉េបានបង្កើនចំនួនឥណទាន ODA ដើម្បីការអភិវឌ្ឍកកម្ពុជាបន្ថែមទៀតផងដែរ។ ក្រៅពីនេះ កម្ពុជា គឺជាដៃគូពេញលេញរបស់សាធារណរដ្ឋកូរ៉េ នៅក្នុងទំនាក់ទំនងនានាក្នុងក្របខណ្ឌអាស៊ានផងដែរ៕
ដោយ ៖ វណ្ណលុក
ប្រភព ៖ ទទក