ចំណុចផ្លូវបំបែកជា៤វាងក្រុង ត្រូវបានអ៊ុតគំនូសក្រហម ដើម្បី ពញ្ញាក់ស្មារតីអ្នកបើកបរ
បាត់ដំបង៖ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតឡើង ជាញឹកញាប់នៅចំណុចផ្លូវបំបែកជា៤ នៃ ផ្លូវវាងក្រុងបាត់ដំបង។មន្ទីរសាធារណការខេត្តបានធ្វើការអ៊ុតគំនូសក្រហម ខៀវ ដើម្បី សុវត្ថិភាពចរាចរណ៍និងជាការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ទីនោះ ត្រូវតែបង្កើនការ ប្រុងប្រយ័ត្នខ្ពស់នៅពេលមកដល់ចំណុចនេះ។
ប្រាប់ទូរទស្សន៍អប្សរានៅក្នុងសប្ដាហ៍នេះក្នុងពេលកំពុងពិនិត្យការអ៊ុតគំនូសចរាចរណ៍បន្ថែម លោក ព្រួញ រិទ្ធិថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ថា ការអ៊ុតគំនូសចរាចរណ៍នៅ ចំណុចផ្លូវបំបែកជា៤នៃផ្លូវវាងក្រុងបាត់ដំបង នូវពណ៌ក្រហម ខៀវ ជាសញ្ញាបញ្ជាក់និងដើម្បីពញ្ញាក់ស្មារតីឱ្យអ្នកបើកបរត្រូវតែបង្កើននូវការប្រុងប្រយ័ត្នពេលមកដល់ទីនេះសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។លោកបន្តថា នៅចំណុចផ្លូវបំបែកជា៤នេះ តែងកើតមានគ្រោះថ្នាក់ ចរាចរណ៍ជាញឹកញាប់។
លោក ព្រួញ រិទ្ធថា បានពន្យល់បន្ថែមថា អ្នកបើកបរនឹងមានការ ងឿងឆ្ងល់ពីគំនូសក្រហម ,ខៀវនៅលើចំណុចទីតាំងដងផ្លូវទាំងនេះ។ប៉ុន្តែការអ៊ុតគំនូសក្រហមនេះគឺចង់បញ្ជាក់ឱ្យអ្នកបើកបរទាំងអស់ បានដឹងនិងកាន់តែមានស្មារតីប្រុងប្រយ័ត្នខ្ពស់ថានៅខាងមុខ គឺមាន ផ្លូវបំបែកជា៤ និងជាតំបន់គ្រោះថ្នាក់ ត្រូវតែមានការប្រុងប្រយ័ត្ន មុនមកដល់ទីតាំងនេះ ។
លោកបន្ថែមថា ក្រៅពីអ៊ុតគំនូសក្រហម ខៀវ មន្ទីរនឹងបំពាក់ភ្លើងសញ្ញា ចរាចរណ៍ជាច្រើនកន្លែងបន្ថែមទៀតដើម្បីជាការពញ្ញាក់ស្មារតីដល់ អ្នកបើកបរទាំងអស់ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បំផុត។បន្ទាប់ពីក្រុមការងារអ៊ុតគំនូស និងបំពាក់ភ្លើងសញ្ញាចរាចរណ៍បាន រួចរាល់ហើយនោះមន្ទីរនឹងបន្តផ្សព្វផ្សាយបញ្ជ្រាបដល់អ្នកបញ្ជាយានយន្តនៅលើដងផ្លូវនិងប្រជាពលលរដ្ឋប្រើប្រាស់ផ្លូវឱ្យកាន់តែបានយល់ដឹងបន្ថែមពីគំនូសសញ្ញាលើដងផ្លូវដើម្បីឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍។
លោក ព្រួញ រិទ្ធថា បន្តថា កន្លងរដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាមន្ទីរ សាធារណការខេត្ត បានយកចិត្តទុកដាក់ និង បានស្នើសុំទៅកាន់ ភ្នាក់ងាចៃកាជប៉ុន ដើម្បីបំពាក់ភ្លើងស្ដុបនៅលើចំណុចផ្លូវបំបែក សំខាន់ៗចំនួន៧កន្លែង។អ្នកជំនាញចៃការក៏បានចុះពិនិ
ត្យ និងធ្វើការសិក្សារួចរាល់ហើយដែរ ដែលគ្រោងនឹងអនុវត្តធ្វើការ សាងសង់ក្នុងពេលឆាប់ៗខាងមុខ។
សូមជម្រាបថា ផ្លូវវាងក្រុងបាត់ដំបងមាន៤គន្លង ពុះទ្រូងផ្លូវចំកណ្តាល ចែកជាផ្លូវរត់ពីរគន្លង(ទៅ-មក)និងមានប្រវែងជាង២០គីឡូម៉ែត្រ ហើយត្រូវបានដាក់ឱ្យដំណើរការកាលពីចុងឆ្នាំ២០២១ ដើម្បីបញ្ចៀស ពីការកកស្ទះចរាចរណ៍នៅក្នុងក្រុងបាត់ដំបង។ផ្លូវនេះក៏មានដាំ ដើមឈើផ្កាលម្អលើចំណុចសួនពុះទ្រូងផ្លូវ និងដាំដើមក្ងោក នៅអម សងខាងផ្លូវរាប់ពាន់ដើមដើម្បីការពារពីការ ទន្ទ្រានរំលោភលើដីចំណីផ្លូវ និងជួយបង្កើនសោភណភាពតាមដងផ្លូវទៀតផង៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.