លោកជំទាវពុំចន្ទីនី អញ្ជើញដាំដើមឈើ និងផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ ដល់អតីតយុទ្ធជន ១០០គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង
(ពោធិ៍សាត់)៖ ក្រុមការងារ កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល ដឹកនាំដោយ លោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា សហការជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិសាត់ បានរៀបចំយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ ( រួមគ្នាពង្រឹងនិងពង្រីកបរិស្ថានបៃតង)នៅក្នុងបរិវេណ មណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង និងពិធីប្រគល់ប្រាក់កម្ចីគ្មានការប្រាក់ដល់បងប្អូន ជាអតីតយុទ្ធជន ចំនួន ១០០គ្រួសារ កំពុងរស់នៅ ក្នុងភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងឹល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូពីជីវភាពរស់នៅរបស់ប្រជាជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង តាមរយៈការផ្តល់ជាលំនៅដ្ឋាន ការបង្កើតឱ្យមានមណ្ឌលសុខភាព សាលារៀន សម្រាប់ផ្តល់សេវាសុខភាព និងការសិក្សារៀនសូត្រ ជូនប្រជាជន និងកូនចៅប្រជាជន មិនតែប៉ុណ្ណោះថែមទាំងផ្តល់នូវប្រាក់កម្ចី គ្មានការបា្រក់ជូនបងប្អូនអតីតយុទ្ធជនយើងយកទៅធ្វើដើមទុន សំរាប់ប្រកប អាជីវកម្មផ្សេងៗបង្កើនសេដ្ឋកិច្ចគ្រួសារថែមទៀត។
លោកជំទាវ ពុំចន្ទីនី បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលជា អតីតយុទ្ធជន ដោយសម្តេចបានអភិវឌ្ឍន៍នូវ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន ផ្លូវ ភ្លើង និងបានសាងសង់ផ្ទះ សម្រាប់បងប្អូនរស់នៅ មិនត្រឹមតែប៉ុណ្ណោះ សម្តេចក៏បានផ្តល់ប្រាក់កម្ចី ដោយគ្មានការ ប្រាក់បន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចមានមុខរបរចិញ្ចឹមជីវិតនិងមានជីភាពធូរធារនិងរស់នៅប្រកបដោយស្នាមញញឹមក្រោមដំបូល នៃសុខសន្តិភាព។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលបងប្អូន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន រស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ តំណាក់ត្រយឹង ទទួលបានប្រាក់ កម្ចីគ្មានការប្រាក់ពីកាកបាទក្រហមកម្ពុជា ក្នុងនោះលើកទី១ មានចំនួន ៥៨គ្រួសារ និងលើកទី២នេះចំនួន ១០០គ្រួសារ ។
ពោធិ៍សាត់គឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅចំនួន៤ដែលប្រជាពលរដ្ឋងាយរងគ្រោះ ទទួលបានសេវ៉ាប្រាក់កម្ចីពីកាកបាទក្រហមកម្ពុជា។ ជាលទ្ធផល ចាប់តាំងពី ឆ្នាំ២០០៥ ដល់ ២០២៤មានប្រជាពលរដ្ឋចំនួន ២.៥៦៩គ្រួសារ ទទួលបានប្រាក់កម្ចី ដែលក្នុងនោះ ស្រុកវាលវែង ១.៣៧១គ្រួសារ,ស្រុកភ្នំក្រវាញ ៩៦៥គ្រួសារ និងស្រុក តាលោសែនជ័យ ២៣៣គ្រួសារ ៕
ដោយ / គ្រី សម្បត្តិ