រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញស្ថាប័នអង្គភាពថ្នាក់ក្រោមជាតិ ផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ
(កំពង់ធំ)៖ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញស្ថាប័នអង្គភាពថ្នាក់ក្រោមជាតិទាំងអស់ ផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចសកល ។
ឯកឧត្តម បន្តថា មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ ជាសេនាធិការឲ្យក្រសួង លើការងារសម្របសម្រួលជាមួយបណ្ដាស្ថាប័ន មន្ទីរអង្គភាពជំនាញ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្ត ផ្សព្វផ្សាយណែនាំ អនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមរបស់ក្រសួង គ្រប់គ្រងការងាររដ្ឋបាល និងសម្របសម្រួលសកម្មភាពគ្រប់ផ្នែក ការងារបច្ចេកទេសរបស់មន្ទីរចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង និងការងារប្រតិភូកម្ម ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមដាន ជំរុញការងារឧស្សាហកម្ម សិប្បកម្ម និងការងារទឹកស្អាតនៅតាមបណ្តាក្រុង ស្រុក ចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ផ្សេងៗ ស្របតាមសេចក្តីណែនាំរបស់ក្រសួង ស្ថាប័នជំនាញ ។
ឯកឧត្តម ហែម វណ្ណឌី ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ បន្តអនុវត្តការងារបម្រើសេវាសាធារណៈ ធ្វើជាសេនាធិការឱ្យថ្នាក់ខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុង ទៅតាមតួនាទីភារកិច្ច និងបង្កើនចំណងសាមគ្គីផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យការងារ ដំណើរការទៅមានភាពរលូន តម្លាភាព និងត្រូវចុះត្រួតពិនិត្យតាមក្រុមហ៊ុនឯកជន ដែលកំពុងធ្វើអាជីវកម្មទឹកស្អាតជូនប្រជាពលរដ្ឋ តើត្រឹមត្រូវតាមស្តង់ដាដែរឬទេ ព្រោះបេីទឹកមិនស្អាត វាប៉ះពាល់ដល់សុខភាព បរិស្ថាន និងអនាម័យក្នុងការរស់នៅ ។
ក្នុងខេត្តកំពង់ធំ មានរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជនចំនួន ២៩មូលដ្ឋាន (រដ្ឋាករ ទឹកសាធារណៈ ២ និងឯកជន ២៧) ដែលកំពុងដំណើរការ ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ និងកំពុងស្នើសុំ ប្រកាសអញ្ញាត ក្នុងនោះ ប្រតិបត្តិករទឹកស្អាត បានទទួល សេចក្តីព្រាងប្រកាស ០២មូលដ្ឋាន, ប្រតិបត្តិករទឹកស្អាត បានដាក់ពាក្យស្នើសុំប្រកាសដល់ក្រសួង ០២មូលដ្ឋាន។
ដោយឡែក រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាត ឯកជន មានប្រកាសពីក្រសួង ២៥មូលដ្ឋាន (រដ្ឋាករទឹកសាធារណៈ ២ និងទឹកស្អាតឯកជន ២៣) ក្នុងនោះ មាន៖ រដ្ឋាករទឹកសាធារណៈ ២ និងទឹកស្អាតឯកជន ១៥មូលដ្ឋាន កំពុងដំណើរការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជន ប្រើប្រាស់, កំពុងដំណើរការសាងសង់ ០៣មូលដ្ឋាន និងមិនទាន់សាង សង់ ០៥មូលដ្ឋាន ដោយមានបុគ្គលិកបម្រើការងារ សរុប ១៧៧នាក់ ស្រី ២៦នាក់ ៕
ដោយ ៖ វណ្ណលុក