សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែក​ឡូជីស្ទីក ជួយឱ្យកម្ពុជាមានលំនឹងនិងមានសក្តានុពលកាន់តែខ្លាំង នាពេលអនាគត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទីក ជួយឱ្យកម្ពុជា​មានលំនឹង និងមានសក្តានុពលកាន់តែខ្លាំង នាពេលអនាគត។ ការកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងមានភាពអាចប្រកួតប្រជែង ចាំបាច់ត្រូវមានមូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ដែលអាចជួយរក្សាលំ​នឹង និងធានាបាននូវភាពធន់ នៅពេលជួបបញ្ហាសេដ្ឋកិច្ចជាតិ ឬសេដ្ឋកិច្ចសកលឡើងចុះ ដែលភាពរឹងមាំនៃហេដ្ឋរចនាសម្ព័ន្ធនឹងជួយឱ្យយើងអាចចាប់យកឱកាសប្រកួតប្រជែងបាននៅពេលដែលដំណើរសេដ្ឋកិច្ចកើនឡើងវិញ ដូច្នេះការកសាងកំពង់ផែទឹកជ្រៅ និងប្រព័ន្ធគមនា​គមន៍​តភ្ជាប់​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ។ ការបញ្ជាក់នេះ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័ត​ក្រុងព្រះ​សីហនុ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលដៅពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ឱ្យឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ននេះ ដែលមានរហូតដល់ប្រមាណ ៧៥ ម៉ឺនធីអ៊ីយូ (TEU) ខណៈដែលសម្ថភាពអាចទទួលកុងតឺន័របច្ចុប្បន្នត្រឹមតែ ៥៥ ម៉ឺនធីអ៊ីយូ (TEU) ក្នុង១ឆ្នាំ។

ចំណតផែកុងតឺន័របន្ថែមនេះ បានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលចតបានរហូតដល់ ៤៩,២៥% និងនាវាចរណ៍ក្នុងពិភពលោកអាចចូលចតបានកើនឡើងពី ១៨% ទៅ ៣៨% ។

សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលក៏មានមហិច្ឆតាក្នុងការសាងសង់​ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និង ជំហានទី៣ បន្ថែមទៀត ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកន្លែងផ្ទេរផ្ទុក​ទំនិញដ៏​សំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅក្នុងតំបន់ ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញ-ចូល ដោយផ្ទាល់​ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែនៅក្នុងពិភពលោក ដោយពុំមានឧបសគ្គជម្រៅទឹក និងពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗ​នៅក្នុងតំបន់ ដែលនេះធ្វើឱ្យថ្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជាមានភាព​ប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗក្នុងតំបន់។

សម្តេចធិបតី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់សមត្ថកិច្ច ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តបង្កើនកិច្ចសហការល្អ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញមុខងារ និងភារកិច្ចក្នុងកិច្ចសហការ និងការសម្របសម្រួល ប្រកបដោយភាពរស់រវើក, សហថាមពល និង បំពេញឱ្យគ្នាទៅវិញទៅមក, ដើម្បីជំរុញចលនានៃការអភិវឌ្ឍកំពង់ផែកម្ពុជាជាកំពង់ផែតំបន់ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងសម្រេចឱ្យបានសមិទ្ធផលថ្មីៗបន្ថែមទៀត សំដៅរួមចំណែកដល់ការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡាគ្នា។

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអរគុណចំពោះរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបានគាំទ្រនិងបន្តជួយដល់ការអភិវឌ្ឍលើវិស័យជាច្រើននៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន និងកំពង់ផែ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner