រដ្ឋមន្ត្រីក្រសួងផែនការជំរុញឱ្យបន្តពង្រឹងរចនាសម្ព័ន្ធដឹកនាំលើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ
រតនគិរី៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានរំលឹកដល់មន្រ្តីនៃមន្ទីរផែនការខេត្តរតនគិរីឱ្យបន្តពង្រឹងរចនាសម្ព័ន្ធ ដឹកនាំ ការលើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ ឱ្យបានល្អជាងនេះថែមទៀត បើទោះបីថ្នាក់ដឹកនាំនិងមន្ត្រី ទាំងអស់បានបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ក្នុងពេលកន្លងមកយ៉ាងណាក៏ដោយ។
ឯកឧត្តម ប៊ិន ត្រឈៃ បានណែនាំបន្ថែមយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរីកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។
ប្រធានស្តីទីមន្ទីរផែនការខេត្តរតនគិរី លោក ខេង សារ៉ាត់ បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា មន្ទីរបានបំពេញមុខងារជា សេនាធិការ ជូនក្រសួងផែនការ លើបេសកម្មទទួលបន្ទុកអនុវត្ត សកម្មភាពការងាររបស់ខ្លួន ក្នុងការដឹកនាំនិងសម្របសម្រួល លើវិស័យផែនការ ការងារស្ថិតិ តាមដានត្រួតពិនិត្យ វាយតម្លៃប្រជាជន និងអភិវឌ្ឍន៍ និងកិច្ចការចាំបាច់មួយចំនួនទៀត ។
ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរផែនការខេត្តដែលបានបំពេញភារកិច្ច យ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ជាពិសេសការពង្រឹងរចនាសម្ព័ន្ធដឹកនាំ លើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ ជាមួយនឹងយន្តការវាយតម្លៃមន្ត្រីរាជការ រាប់ចាប់ពីមន្ត្រី រហូតដល់ប្រធានមន្ទីរ។
ឯកឧត្តមបន្តថា ផ្សារភ្ជាប់នឹងការងារកំណែទម្រង់ ក៏ដូចយន្តការត្រួតពិនិត្យវាយតម្លៃមន្ត្រីរាជការក្រសួងបាន និងកំពុងអនុវត្ត លើការងារសំខាន់់ៗមួយចំនួនក្នុងនោះ ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល,ការរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ,ការតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជននិងអភិវឌ្ឍន៍,ការចាកចេញ របស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងយុទ្ធសាស្ត្រអន្តរកាលដោយរលូន និងការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា៕
ដោយ៖ឡុង សំបូរ






