បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ ចុះMOUសហការគ្នា ផ្តល់ជូនកម្ចីរហូតដល់៨០ភាគរយ
(ភ្នំពេញ)៖ បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្ហាញពីការសហការគ្នាយ៉ាងស្អិតរមួត ក្នុងការផ្តល់កម្ចីលំនៅដ្ឋានដ៏អស្ចារ្យ សម្រាប់អតិថិជន បុរី វិមានសំណាង នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ការសហការនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាង បុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្ថែមមួយកម្រិតទៀត ក្នុងការផ្ដល់ជូនឥណទាន ជាមួយនឹងអត្រាការប្រាក់ពិសេសដល់អតិថិជនដែលមានបំណងវិនិយោគ និងទិញគេហដ្ឋាន សម្រាប់ការរស់ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់បុរី វិមានសំណាង ។
« លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរី វិមានសំណាង បានមានប្រសាសន៍ថា «ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី វិមានសំណាង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំង ជូនដល់អតិថិជនរបស់បុរី វិមានសំណាង ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នា ។
លោក Makoto Kurokawa នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ «ការសហការនេះបានផ្តល់ភាពងាយស្រួលច្រើនដល់អតិថិជន ដែលមានបំណងចង់ទិញផ្ទះនៅបុរី វិមានសំណាង ។ តាមរយៈ Alliance Program របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អតិថិជន អាចស្នើសុំកម្ចី បានដោយមិនតម្រូវឱ្យមានប្លង់ ឬរង់ចាំរហូតដល់សំណង់សង់រួចរាល់ នោះទេ ហើយការអនុម័តកម្ចីក៏មានភាពងាយស្រួល និងឆាប់រហ័សផងដែរ»។
ក្រោយពីការចុះហត្ថលេខា អតិថិជនទាំងអស់អាចធ្វើការស្នើសុំឥណទានគេហដ្ឋាន ពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក នឹងទទួលបានការផ្ដល់ជូនទំហំឥណទានរហូតដល់ ៨០ភាគរយនៃតម្លៃទ្រព្យសម្បត្តិ រួមទាំងអត្រាការប្រាក់៨.៥០ភាគរយ រយៈពេលរហូតទៅដល់២០ឆ្នាំ ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស ដើម្បីទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក ៕
ដោយ ៖ គ្រី សម្បត្តិ