ដាណឺម៉ាកពន្លឿនផលិតវ៉ាក់សាំងការពារជំងឺអុតស្វា
កូប៉ិនហាក់ : ប្រទេសដាណឺម៉ាក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសនឹងពន្លឿនការផលិតវ៉ាក់សាំងបង្ការជំងឺអុតស្វា (mpox) ចំនួន២លានដូសបន្ថែមទៀតនៅចុងឆ្នាំនេះ។
Read. ក្រុមហ៊ុនផលិតឱសថដាណឺម៉ាក Bavarian Nordic បានសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងការពារជំងអុតស្វា (mpox) ចំនួន២លានដូសបន្ថែមទៀតនៅចុងឆ្នាំ ២០២៤។
ក្រុមហ៊ុន Bavarian Nordic បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ដើម្បីឆ្លើយតបនឹងការផ្ទុះឡើងនាពេលបច្ចុប្បន្ន និងតម្រូវការខ្លាំងរបស់រដ្ឋាភិបាល និងអង្គការនានា… ខ្លួនបានផ្តល់អាទិភាពដល់ការផលិតវ៉ាក់សាំងបង្ការជំងឺអុតស្វារបស់ខ្លួន។
ក្រុមហ៊ុនផលិតឱសថដាណឺម៉ាកនេះបន្ថែមថា ខ្លួនបានត្រៀមរួចរាល់ ក្នុងការផលិតវ៉ាក់សាំងការពារជំងឺអុតស្វារហូតដល់ ១១លានដូស ជាវ៉ាក់សាំងតែមួយគត់ ដែលបច្ចុប្បន្នមានអាជ្ញាប័ណ្ណនៅអឺរ៉ុប និងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៥។
យោងតាមតួលេខចុងក្រោយរបស់វិទ្យាស្ថានសុខភាពសាធារណៈកុងហ្គោ បានបង្ហាញថា ករណីឆ្លងជំងឺអុតស្វាជិត ២២,០០០ករណី និងករណីស្លាប់ចំនួន ៧១៦នាក់ ដែលជាប់ទាក់ទងនឹងវីរុសអុតស្វា ត្រូវបានកត់ត្រាចាប់តាំងពីខែមករាដើមឆ្នាំ។ រីឯកាលពីចុងខែសីហា ជំងឺអុតស្វាត្រូវបានកត់ត្រាថា មានវត្តមាននៅក្នុងប្រទេសអាហ្វ្រិកចំនួន១៤៕



ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា