តម្រូវការប្រេងពិភពលោកធ្លាក់ចុះ ចំពេលសេដ្ឋកិច្ចចិនទន់ខ្សោយ
ប៉េកាំង : តម្រូវការប្រេងសកលនឹងកើនឡើងយឺតលើកដំបូង ចាប់តាំងពីឆ្នាំ ២០២០ នៅឆមាសទីមួយនៃឆ្នាំ ២០២៤ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសចិនទន់ខ្សោយ។
Read. ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃព្រហស្បតិ៍ បានព្យាករថា តម្រូវការប្រេងសកលនឹងហក់ឡើងក្នុងល្បឿនយឺតបំផុតចាប់តាំងពីឆ្នាំ ២០២០ នៅឆមាសទីមួយនៃឆ្នាំ ២០២៤។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយនៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនថា តម្រូវការប្រេងសកលបានកើនឡើង ៨០០,០០០បារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០២៤ បើធៀបនឹង ២.៣លានបារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣។
ទីភ្នាក់ងារថាមពលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះ បន្ថែមថា កត្តាទាញទម្លាក់កំណើនតម្រូវការប្រេងសកល គឺដោយសារការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចចិន ទើបធ្វើឱ្យការប្រើប្រាស់ប្រេងបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងពេល៤ខែជាប់ៗគ្នាគិតត្រឹមខែកក្កដា។
ចិនស្ថិតក្នុងចំណោមប្រទេសប្រើប្រាស់ និងនាំចូលប្រេងច្រើនជាងគេរបស់ពិភពលោក ប៉ុន្តែប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ បានជួបការលំបាក ចំពេលការចំណាយរបស់អ្នកប្រើប្រាស់ចុះខ្សោយ, វិបត្តិវិស័យអចលនទ្រព្យ និងអត្រាគ្មានការងារធ្វើខ្ពស់។
ក្រៅពីការធ្លាក់ចុះសេដ្ឋកិច្ចចិន ទីភ្នាក់ងារ IEA ក៏ បាន លើក ឡើង ពី ការ ផ្លាស់ ប្តូរ របស់ បណ្តាប្រទេស នានា ចេញឆ្ងាយពីប្រេងផងដែរ។ ទីភ្នាក់ងារ IEA ក៏បានព្យាករដែរថា ពេញមួយឆ្នាំ ២០២៤នេះ តម្រូវការប្រេងពិភពលោក នឹងកើនឡើងត្រឹមតែ ៩០០,០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈការរំពឹងទុកពីមុន មានប្រហែល ៧០,០០០បារ៉ែលក្នុងមួយថ្ងៃ៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា