គណៈកម្មការអន្តក្រសួងវាយតម្លៃនិងប្រគល់-ទទួល លើការងារថែទាំ​ខួបផ្លូវក្រាលកៅស៊ូ២ខ្សែនៅខេត្តកំពង់ធំ

កំពង់ធំ៖គណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាង​ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង​ក្រុមការងារថ្នាក់ខេត្ត បានចុះត្រួតពិនិត្យវាយតម្លៃប្រគល់-ទទួល ១០០% លើការងារថែទាំខួបផ្លូវចំនួន២គម្រោងដែលស្ថិតនៅស្រុក
ស្ទោង ស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ បានអញ្ជើញ​ចុះពិនិត្យមើលផ្លូវចំនួន២គម្រោងរួមមាន ៖គម្រោងទី១ . ការងារថែទាំ​ខួបផ្លូវចំនួនមួយខ្សែក្រាលកៅស៊ូ DEST បន្ថែមពីលើប្រវែងជាង​៧គីឡូ​ម៉ែត្រ, ទទឹង ៥ម៉ែត្រ ព្រមទាំងគូស​គំនូស​ចរាចរណ៍ទំហំ១.៤៥៤ម៉ែត្រ ស្ថិតនៅភូមិសណ្តាន់ និងភូមិល្អង ឃុំចំណារក្រោម និងឃុំចំណារលើ ស្រុកស្ទោង ។ គម្រោងទី២. ការងារថែទាំខួបផ្លូវចំនួន១ខ្សែ មាន ៧​កំណាត់ ដោយក្រាលកៅស៊ូ DEST ចំនួន៦កំណាត់ ប្រវែង​ជាង៤​គីឡូម៉ែត្រ, ទទឹង៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងចំនួន​១កំណាត់​ប្រវែង២០០ម៉ែត្រទទឹង៧ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍​ទំហំ​៨៥៤ម៉ែត្រ ស្ថិតនៅ ឃុំគោល ឃុំក្លែងឈើទាល និងឃុំសណ្តាន់  ស្រុកប្រាសាទសំបូរនិងស្រុកសណ្តាន់ ។គម្រោងទាំងពីរ​អនុវត្តដោយ​នាយកដ្ឋាន​ផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជបបទ។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់អ្នក​ទទួល​ខុស​ត្រូវលើការដ្ឋាននៃគម្រោងទាំង២ ឱ្យយកចិត្តទុក​ដាក់​ទាំង​គុណភាព សោភណភាព និងបន្តតាមកិច្ចសន្យាក្នុងរយៈពេល១២ខែ ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner