គណៈប្រតិភូអន្តរក្រសួង ចុះប្រគល់-ទទួលផ្លូវក្រួសក្រហម ថែទាំចំនួន៨ខ្សែប្រវែងជាង១១៤គីឡូម៉ែត្រ
បាត់ដំបង៖ផ្លូវក្រាលក្រួសក្រហមថែទាំប្រចាំឆ្នាំ២០២៤ ចំនួន៨ខ្សែ ប្រវែងជាង១១៤គីឡូម៉ែត្រក្នុងស្រុកចំនួន៤របស់ខេត្តបាត់ដំបង ត្រូវបានគណៈប្រតិភូអន្តរក្រសួងដឹកនាំដោយឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះប្រគល់ និងទទួល។ផ្លូវទាំងនេះស្ថិតនៅស្រុកសំពៅលូន ភ្នំព្រឹក កំរៀងនិងស្រុកសំឡូត ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យប្រគល់និងទទួលផ្លូវទាំង៨ខ្សែឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លូវជនបទទាំងនេះ។ឯកឧត្តមបន្តថា បន្ទាប់ពីការកែលម្អរួចរាល់ហើយនេះ គមនាគមន៍ជនបទដែលសម្រេចបាននាពេលនេះពិតជាជួយសម្រួលដល់ការរស់របស់ប្រជាពលរដ្ឋ ,ការធ្វើចរាចរទៅមកមានសុវត្ថិភាពបានឆាប់រហ័ស ។ពិសេសបានផ្តល់សារៈប្រយោជន៍យ៉ាងសំខា
ន់ដល់សហគមន៍មូលដ្ឋាន និងការលើកស្ទួយជីវភាពប្រជាជន។

នៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋនៅតាមដងផ្លូវដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល,ថ្នាក់ដឹកនាំក្រសួង ។ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ជាពិសេសប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវផ្ទាល់ត្រូវអប់រំកូនចៅឱ្យបើកបរគោរពច្បាប់ចរាចរណ៍,ត្រូវពាក់មួកសុវត្ថិភាព,ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមថែទាំផ្លូវនិងទប់ស្កាត់នូវរាល់ការដឹកជញ្ជូនលើសទម្ងន់ហួសកម្រិតកំណត់ដែលបង្កការបំផ្លិចបំផ្លាញផ្លូវជនបទ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.





