ក្រុមហ៊ុនរ៉ែមាសមួយនៅខេត្តក្រចេះ ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ក្រោយការស្លាប់កម្មករម្នាក់
ក្រចេះ៖ ក្រុមហ៊ុនរ៉ែមាសឈ្មោះ “សឹងយន្តគ័ងយិក” ដែលមានអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ ត្រូវបានផ្អាកដំណើរការ ជាបណ្ដោះអាសន្នដើម្បីរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធានការពី អគ្គនាយកដ្ឋានធនធានរ៉ែ បន្ទាប់ពីថ្មបានធ្លាក់សង្កត់ធ្វើឱ្យកម្មករម្នាក់ស្លាប់កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។នេះបើតាមការបញ្ជាក់របស់លោក រ័ត្ន តុលា ប្រធានស្ដីទីមន្ទីររ៉ែ និងថាមពលខេត្តក្រចេះកាលពីថ្ងៃទី១២ ខែកញ្ញា។
ហេតុការណ៍បាក់ថ្មធ្លាក់សង្កត់កម្មករស្លាប់នេះកើតឡើងនៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ជនរងគ្រោះឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង។ជនរងគ្រោះដំបូង រងរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ។
ជុំវិញករណីនេះលោក រ័ត្ន តុលា ប្រធានស្ដីទីមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រង កំពុងតែចរចា ដើម្បីជូនប្រាក់ឧបត្ថម្ភដល់កម្មករ ដែលបាត់បង់ជីវិត ក្នុងពេលបំពេញការងារជាមួយក្រុមហ៊ុន។
លោកបញ្ជាក់ទៀតថា ក្រុមហ៊ុនខាងលើមានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (លើកទី៣) លេខ ០០០៥ រថ.អធរ.អប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល៕
ដោយ៖ឡុង សំបូរ