ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលឹកដល់មន្ត្រីនគរបាលជាតិ ត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់
(ភ្នំពេញ)៖ ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា នៅសាលប្រជុំទីស្តីការក្រសួងមហផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ត្រីនគរបាលជាតិ ត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញពីផ្សព្វផ្សាយអនុក្រឹត្យនេះ ថា អនុក្រឹត្យនេះ មាន ៨ជំពូក និង ២១មាត្រា មានគោលបំណងកំណត់ឱ្យបានច្បាស់អំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា និងធានានូវនិរន្តរភាពការងារ ព្រមទាំងលើកកម្ពស់ សុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ ។
នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បានបន្តថា យោងតាមខ្លឹមសារនៃអនុក្រឹត្យនេះ មន្រ្តីនគរបាលជាតិកម្ពុជា ដែលបានតាំងស៊ុបក្នុងក្របខ័ណ្ឌ មានសិទ្ធិទទួលបានច្បាប់ឈប់ សម្រាកចំនួន ១៥ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងមួយឆ្នាំ ដោយអាចស្នើសុំមួយលើក ឬច្រើនលើក ខណៈមន្រ្តីនគរបាលជាតិជាស្រ្តី ត្រូវបានអនុញ្ញាតច្បាប់ ឈប់សម្រាកលំហែមាតុភាពរយៈពេល ៣ខែ ។ អនុក្រឹតនេះ ក៏បានចែងអំពីលក្ខខណ្ឌនៃការសុំច្បាប់ឈប់រយៈពេលខ្លី ច្បាប់ឈប់សម្រាកព្យាបាលជំងឺរ៉ាំរ៉ៃ និងច្បាប់ឈប់ សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន។
នាយឧត្តមសេនីយ៍ អគ្គនាយក រូបនេះ បានបញ្ជាក់ថា ក្រៅពីនេះអនុក្រឹត្យ ក៏បានកំណត់អំពីលក្ខខណ្ឌអនុញ្ញាត ឱ្យចេញធ្វើការមុន ឬក្រោយម៉ោង មិនលើសពី ១ម៉ោង ចំពោះមន្រ្តីនគរបាលជាតិ ដែលមានជនចាស់ជរា ឬជនមានស្មារតីវិបល្លាស ឬជនមានពិការភាពអចិន្ត្រៃយ៍ ក្នុងបន្ទុក មន្រ្តីនគរបាលជាតិជាស្រ្តី ដែលមានផ្ទៃពោះ មានកូនអាយុក្រោម ១ឆ្នាំ មន្រ្តីដែលមានជំងឺរ៉ាំរ៉ៃ ដែលមានការបញ្ជាក់ពីគ្រូពេទ្យ ដោយមន្រ្តីនោះ ត្រូវមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ព្រមទាំងមន្រ្តី ដែលទទួលការបណ្ដុះបណ្ដាលបន្ថែមក្រៅម៉ោងធ្វើការ។ ជាការកត់សម្គាល់ គឺមន្រ្តីនគរបាលជាតិទាំងអស់ ត្រូវតែស្វែងយល់ ឱ្យបានច្បាស់លាស់អំពីអនុក្រឹត្យនេះ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្នុងនាម ជាកងកម្លាំងរបស់ជាតិ មន្រ្តីនគរបាលទាំងអស់ ទោះបីមានឋានន្តរស័ក្ដិ និងតួនាទីខុសគ្នាបែបណាក៏ដោយ គឺត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់ ជាពិសេស ការសុំច្បាប់ ត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ របស់ មន្ត្រីនគរបាលជាតិកម្ពុជា ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានណែនាំ ទៅកាន់ប្រធានអង្គភាពនគរបាលទាំងអស់ ត្រូវពន្លឿនការផ្សព្វផ្សាយអនុក្រឹត្យនេះ ទៅកាន់មន្រ្តីក្រោមឱវាទឱ្យបានយល់ដឹងច្បាស់ និងត្រូវធានាថា អនុក្រឹត្យនេះ នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកអនុក្រឹត្យនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស លើការពង្រឹងគុណភាពធនធានមនុស្ស និងសម្រាប់ក្រសួងមហាផ្ទៃផ្ទាល់ ក្នុងការពង្រឹងវិន័យ កងកម្លាំងនគរបាលជាតិ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានរលឹកជាថ្មីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ បន្តពង្រឹងវត្តមានបំពេញការងារ អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីធានាផ្ដល់សេវារដ្ឋបាល និងសន្តិសុខ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំអគ្គនាយកដ្ឋានធនធានមនុស្ស ពន្លឿនការប្រជុំពិនិត្យផ្ដល់យោបល់លើសេចក្តីព្រាងប្រកាសស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ឱ្យបានមុនដាច់ឆ្នាំ២០២៤ ។ ដោយឡែក បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបញ្ចូលខ្លឹមសារអនុក្រឹត្យនេះ ទៅក្នុងកម្មវិធីសិក្សា ឬរៀបចំជាបទបាឋកថា ដើម្បីឱ្យនិស្សិត សិក្ខាកាម និងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ បានយល់ដឹងអំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាត ច្បាប់ឈប់គ្រប់ប្រភេទ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ