ព្រឹទ្ធសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ស្តីពីការដាក់ទណ្ឌកម្មអយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក ទៅលើឯកឧត្តម លី យ៉ុងផាត់
(ភ្នំពេញ)៖ សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជា ស្តីពីការដាក់ទណ្ឌកម្មអយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទៅលើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់។
ព្រឹទ្ធសភាកម្ពុជា សម្តែងនូវការខកចិត្តជាខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ និង គ្មានមូលដ្ឋានរបស់ ក្រសួងរតនាគារនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទៅលើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់ រួមទាំងក្រុមហ៊ុន ឧបសម្ព័ន្ធ L.Y.P. Group Co., LTD និងអាជីវកម្ម៤ផ្សេងទៀត ដែលពាក់ព័ន្ធ។ ការចោទប្រកាន់ដោយគ្មានព័ត៌មានជាក់លាក់អំពីការបង្ខិតបង្ខំពលកម្មភ្ជាប់ទៅនឹងការ វិនិយោគបោកប្រាស់តាមប្រព័ន្ធអនឡាញ គឺជាការសម្រេចចិត្តផ្អែកលើ ហេតុផល នយោបាយ និងដើរផ្ទុយ ទៅនឹងការខិតខំកែលំអទំនាក់ ទំនងនិងកិច្ចសហប្រតិបត្តិការ ទ្វេភាគី។
ក្នុងនាមជាធុរជន ឯកឧត្តម លី យ៉ុងផាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការ អភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ជាពិសេសតាមរយៈ L.Y.P. គ្រុប រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយលើកកម្ពស់ ជីវភាពរបស់ប្រជាជនកម្ពុជារាប់ម៉ឺននាក់។
ការពឹងផ្អែកលើរបាយការណ៍ស្តីពីការជួញដូរមនុស្ស (TIP) ជាមូលដ្ឋានក្នុងការសម្រេច ចិត្តរបស់រដ្ឋាភិបាល អាមេរិក គឺជារឿងគួរឱ្យសោកស្តាយបំផុត។ របាយការណ៍នេះ មិនបានផ្តល់នូវតុល្យភាព និងភាពត្រឹមត្រូវ នៃការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ច ខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនិងពលកម្មដោយបង្ខំ។
កម្ពុជាបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីដោះ ស្រាយបញ្ហាទាំងនេះ។ វិធានការដ៏សកម្មរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លង ដែនបែបទំនើប គឺបានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងនីតិរដ្ឋ។
ជាងនេះទៅទៀត ការសម្រេចចិត្តបែបនេះមិនបានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការ ពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកនោះទេ។ នេះគឺជាការដើរផ្ទុយពី ឆន្ទៈដែលគូសបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd J. Austin III ក្នុងជំនួបជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ទីក្រុងភ្នំពេញ កាលពីខែ មិថុនាកន្លងទៅនេះ។
ព្រឹទ្ធសភាកម្ពុជា សូមសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មឯកតោភាគីបែបនេះ គឺធ្វើឱ្យប៉ះពាល់ជាខ្លាំងទៅលើ គោលការណ៍សមភាពអធិបតេយ្យ ការគោរពច្បាប់អន្តរជាតិ និងបទដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋ ជាពិសេសគឺការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ។
កម្ពុជានៅតែបន្តស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិនានា រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ប៉ុន្តែកម្ពុជាសូមបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវតែ ផ្អែកលើកិច្ចសន្ទនានិងការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម ការគោរពអធិបតេយ្យ និងស្មារតី ស្មោះត្រង់នៃភាពជាដៃគូរវាងគ្នានឹងគ្នា ៕
ដោយ ៖ វណ្ណលុក