ក្រុមប្រទេសនៃមហាអនុតំបន់មេគង្គ បានបង្ហាញជំហររួមគ្នាក្នុងការទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក តាមដងទន្លេមេគង្គ
(ភ្នំពេញ)ក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោយពីបានជជែកពិភាក្សាចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានគាំពារ និងគាំទ្រដោយតំណាងនៃប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ចំពោះការដោះស្រាយការបំពុលដោយប្លាស្ទិក។
គួរបញ្ជាក់ថាប្រទេសនៃមហាអនុតំបន់មេគង្គចំនួន៦ប្រទេសរួមមានចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម បានប្តេជ្ញារួមគ្នាទប់ស្កាត់ការបំពុលទន្លេមេគង្គដោយ សំណល់ ប្លាស្ទិក ដែលកំពុងចោទជាបញ្ហាឆ្លងដែន សម្រាប់សុខភាពរបស់ប្រជាជន និងជីវៈចម្រុះ ទាំងនៅក្នុងទឹក និងលើគោក ក៏ដូចជាផ្នែកសេដ្ឋកិច្ច។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធនារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថាតំណាងនៃប្រទេស មហាអនុតំបន់មេគង្គ បានបញ្ជាក់ជំហរក្នុងការទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក តាមដងទន្លេមេគង្គ ទន្ទឹមនឹងការប្តេជ្ញារួមគ្នាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅ។
ឯកឧត្តមបានបន្តថាបញ្ហាបា្លស្ទិកគឺជារឿងមួយត្រូវបានជជែកពិភាក្សាដើម្បីប្រយោជន៍រួមគ្នាសម្រាប់ពលរដ្ឋដែលប្រើប្រាស់នៃទឹកទន្លេមេគង្គ។
ដោយឡែកបើតាមសេចក្តីថ្លែងការណ៍រួម, រដ្ឋមន្ត្រីបរិស្ថាន និងអនុរដ្ឋមន្ត្រីមកពីប្រទេសទាំង ៦នៃមហាអនុតំបន់មេគង្គ (GMS)នាពេលនេះដែរ បានគាំទ្រ និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថានថ្មីរយៈពេល៥ឆ្នាំ ដែលរួមមានសំណើសម្រាប់ជំនួយបច្ចេកទេស និងការវិនិយោគជាយុទ្ធសាស្រ្តដែលមានតម្លៃជាង ១.០០០លានដុល្លារអាម៉េរិកដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថាននៅទូទាំងតំបន់។
គួរបញ្ជាក់ថាប្រតិភូរដ្ឋមន្ត្រីបរិស្ថាន នៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេស រួមជាមួយតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គទូតនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមពិនិត្យ និងពិភាក្សាលើឯកសារយុទ្ធសាស្ត្រនានាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ ការសម្រេចឱ្យបានពេញលេញ នូវចក្ខុវិស័យនៃមហាអនុតំបន់មេគង្គប្រកបដោយភាពស្អាត បៃតង និងចីរភាព ឆ្ពោះទៅរកការកសាងសហគមន៍នៃតំបន់មួយដែលមានអនាគតរួមគ្នា។
កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធជា វេទិកាដែលត្រូវបានគេចាត់ទុកថាដ៏មានសារៈសំខាន់នេះ ក្រុមការងារនៃប្រទេសនៃមហាអនុតំបន់មេគង្គ បានជួបជជែកពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្នា ដើម្បីប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅ និរន្តភាពបរិស្ថាន និង សកម្មភាពធន់ នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរួមគ្នាពុះពារនូវបញ្ហាប្រឈមនានា ដើម្បីកសាងនូវអនាគត ដ៏ភ្លឺស្វាង សំរាប់មហាអនុតំបន់មេគង្គ។
ក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធនេះក៏មានការតាំងបង្ហាញសមិទ្ធផលនានា ដែលចូលរួមចំណែកដល់ប្រសិទ្ធភាពក្នុង ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ របស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សមាគម និង អង្គការដៃគូសហការនានាផងដែរ៕
ដោយ ៖ ម៉ាដេប៉ូនិង ង៉ាន់ទិត្យ