អ្នកជំនាញរកឃើញវិធីបំប្លែងទឹកសមុទ្រទៅជាទឹកសាប
បរទេស : អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Waterloo ប្រទេសកាណាដា បានបង្កើតឧបករណ៍ថ្មីមួយ មានឈ្មោះថា desalination ដែលអាចបំប្លែងទឹកសមុទ្រ ឬទឹកប្រៃទៅជាទឹកសាបប្រើប្រាស់ប្រចាំថ្ងៃ។
អ្វីដែលធ្វើឱ្យឧបករណ៍ desalination កាន់តែពិសេសនោះ គឺវាដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ វាអាចបំប្លែងពន្លឺព្រះអាទិត្យបាន ៩៣ភាគរយទៅជាថាមពលដែលអាចប្រើប្រាស់បាន ដែលនេះជាការកែលម្អយ៉ាងសំខាន់ទៅលើបច្ចេកវិជ្ជា desalination បច្ចុប្បន្ន។
ប្រសិទ្ធភាពខ្ពស់នេះ អនុញ្ញាតឱ្យឧបករណ៍ desalination ផលិតទឹកសាបបានប្រហែល ២០ លីត្រជារៀងរាល់ថ្ងៃ អាចបំពេញតាមតម្រូវការទឹកប្រចាំថ្ងៃ ដែលបានណែនាំដោយអង្គការសុខភាពពិភពលោកក្នុងមនុស្សម្នាក់។
វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតនេះ អាចផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាព ចំពោះវិបត្តិទឹកជាសកល ជាពិសេសសម្រាប់ប្រទេសនៅតាមឆ្នេរសមុទ្រ និងបណ្តាកោះដែលខ្វះខាតទឹកសាបសម្រាប់ទទួលបរិភោគ និងប្រើប្រាស់។
បច្ចេកវិទ្យាថ្មីនេះដែរ ត្រូវបានអ្នកជំនាញអះអាងថា វាអាចធ្វើបដិវត្តន៍ការបន្សាបជាតិពុល និងជាតិប្រៃ ដោយផ្តល់នូវជម្រើសដែលមានប្រសិទ្ធភាព និងសន្សំសំចៃ ដែលមិនប៉ះពាល់ដល់បរិស្ថាន។
តម្រូវការទឹកសាប គឺមានភាពបន្ទាន់ជាងពេលណាៗទាំងអស់ ពីព្រោះមនុស្សប្រមាណ ២.២ពាន់លាននាក់នៅទូទាំងពិភពលោក បានខ្វះលទ្ធភាពប្រើប្រាស់ទឹកស្អាត។
យោងតាមរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៤ របស់អង្គការសហប្រជាជាតិ បានបង្ហាញថា តម្រូវការសម្រាប់បច្ចេកវិទ្យាថ្មីៗ ដែលអាចបង្កើតទឹកសាបប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពចម្បង៕ ប្រភព : interesting engineering ប្រែសម្រួលដោយ : ឈឹម ទីណា