អាមេរិកដំណើរការទេសចរណ៍ក្រៅយានអវកាសដំបូងគេលើលោក

បរទេស៖ ជាការបង្កើតប្រវត្ថិសាស្ត្រ ដំបូងគេបង្អស់ ក្រុមហ៊ុន SpaceX បាននាំយក មហាសេដ្ឋីបច្ចេកវិទ្យា លោក Jared Isaacman រួមនឹងវិស្វកររបស់ក្រុមហ៊ុន គឺ នាង Sarah Gillis ចេញពីក្រៅយានទៅក្នុងលំហអវកាស បែបទេសចរណ៍ ឬបែបពាណិជ្ជកម្ម ដែលមានន័យថា ជាការចំណាយថវិកាដើម្បីបានស្ថិតនៅក្នុងគន្លងគោចរ ដំបូងគេបង្អស់ នៅលើពិភពលោក ហើយលោកក៏បានក្លាយជាមនុស្ស «គ្មានជំនាញយានអវកាស» ទី១ ដែលអាចធ្វើបែបនេះបាន។

ពួកគេ រួមនឹងអវកាសយានិក ព្រមទាំង អតីតអ្នកបើកបរយន្តហោះម្នាក់ ទៀត ដែលឃ្លាំមើលការដើរលំហអាកាសពីខាងក្នុងកន្សោម ក៏បានរួមដំណើរ ជុំវិញគន្លង តាំងពីថ្ងៃអង្គារ ផងដែរ។

បេសកកម្ម Spacewalk នេះ ត្រូវបានគេហៅថា Polaris Dawn ហើយកំពុងត្រូវបានផ្តល់មូលនិធិដោយ លោកមហាសេដ្ឋី Issacman ដែលមានទ្រព្យសរុបប្រមាណ១.៨ពាន់លានដុល្លារអាមេរិក បើតាមទស្សវដ្តី Forbes ប៉ុន្តែ មិនទាន់បង្ហាញពីទំហំថវិកា ដែលបានចំណាយនោះទេ។

ដោយផ្សាយផ្ទាល់នៅលើគេហទំព័ររបស់ក្រុមហ៊ុន SpaceX ជាមួយនឹងឈុតអវកាស ដែលត្រូវបានរចនាថ្មី លោក Issacman បានចេញពីកន្សោមយានអវកាស ហើយចំណាយពេលប្រហែល ១០ នាទី នៅខាងក្រៅ ដោយភ្ជាប់ទៅនឹងយានអវកាស តាមរយៈខ្សែ។ បន្ទាប់មក ក៏ឃើញនាង Sarah Gillis ចេញតាមក្រោយ លោក Issacman។

លោក Issacman បាននិយាយថា «បើមើលពីលំហអាកាស ផែនមើលទៅ ដូចជាពិភពលោក ដ៏ល្អឥតខ្ចោះ»។

ស្ថាបនិក SpaceX លោក Elon Musk គ្រោងនឹងមានបេសកកម្ម Polaris បែបនេះ ចំនួនពីរលើកទៀត។ លោកសង្ឃឹមថា កម្មវិធីនេះនឹងជំរុញការរុករកកន្លែងឲ្យមនុស្ស រស់នៅលើឋានព្រះច័ន្ទ ភពព្រះអង្គារ។

អ្នកគ្រប់គ្រងរបស់អង្គការយានអាកាសអាមេរិក NASA លោក Bill Nelson បានសរសើរបេសកកម្មនេះ ដោយនិយាយថាវាតំណាងឱ្យ «ការលោតផ្លោះដ៏ធំ» ។

ក្រុមនាវិកព្រមទាំង មហាសេដ្ឋីរូបនេះ នឹងត្រូវបន្តចំណាយពេលបន្ថែម ក្នុងការធ្វើពិសោធន៍លើគន្លងគោចរ មុនពេលត្រឡប់មកផែនដីវិញ នៅចុងសប្តាហ៍នេះ៕

ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner