អាយុមិនមែនជាឧបសគ្គ បុរសវ័យ៧៧ឆ្នាំរៀនចប់ទើបបានសញ្ញាប័ត្រ
បរទេស៖ បុរសជនជាតិម៉ាឡេស៊ី លោក Zulkifly ក្នុងវ័យ៧៧ឆ្នាំ ទើបតែទទួលបានរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដោយលោកបានអះអាងថា «អាយុមិនមែនជាឧបសគ្គ ចំពោះការអប់រំទេ» នេះបើតាមការចេញផ្សាយរបស់កាសែត The Straits Times នៅថ្ងៃព្រហស្បតិ៍នេះ។
លោក Zulkifly Abdullah បាននិយាយថា ជាធម្មតា មនុស្សចាស់តែងតែភ្លេចច្រើន ប៉ុន្តែការណ៍នេះ មិនបានរារាំងលោកមិនឲ្យរៀន រហូតដល់បញ្ចប់ការសិក្សានោះទេ។ បន្ថែមពីលើនេះ លោកខិតខំសិក្សាក្រោយចូលនិវត្តន៍នេះដើម្បីបង្ហាញឱ្យឃើញថាគ្រប់គ្នាអាចសិក្សាពេញមួយជីវិត និងសម្រេចក្តីស្រមៃក្នុងជីវិតរបស់ខ្លួនទោះបីស្ថិតក្នុងវ័យណាក៏ដោយ។
លោក Zulkifly ទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ ពីសកលវិទ្យាល័យ Universiti Teknologi Mara នៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុន។
លោកជាមន្ត្រីចូលនិវត្តន៍ ពីក្រសួងធនធានមនុស្ស។ លោកថា ការរៀនច្បាប់នេះ ដោយសារលោកស្តាយមិនបានរៀន នៅពេលធ្វើការរវល់ ខកខាន ដូច្នេះ បន្ទាប់ពីចូលនិវត្តន៍ លោកសម្រេចចិត្តចូលរៀន។
លោកថា កូនប្រុសម្នាក់របស់លោកគឺជាមេធាវី ហើយតែងតែជជែកគ្នា អំពីបញ្ហាច្បាប់ ដូច្នេះ គ្រួសារបានជំរុញទឹកចិត្តលោកឲ្យរៀនច្បាប់នេះយ៉ាងខ្លាំង។ លោកសូមលើកទឹកចិត្ត ឲ្យសិក្សាផ្នែកច្បាប់នេះ ដោយមិនចាំបាច់គិតពីអាយុទេ ដោយលោកបញ្ជាក់ថា «ការអប់រំគឺជាដំណើរពេញមួយជីវិត»៕
ប្រែសម្រួល៖ សារ៉ាត