GLP 2024 បាននាំមកនូវគន្លឹះថ្មីៗ និងធាតុចូលជាច្រើនសម្រាប់ចូលរួមលើកកម្ពស់ផលិតភាពកសិកម្ម តាមរយៈបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា
(ភ្នំពេញ)៖ ក្រុមហ៊ុន សោម៉ា គ្រុប បានសហការជាមួយ Global Institute For Tomorrow រៀបចំកម្មវិធីអ្នកដឹកនាំសកលឆ្នាំ២០២៤ រយៈពេល២សប្ដាហ៍ ដោយសប្ដាហ៍ទី១ធ្វើឡើងនៅទីក្រុងហុងកុងប្រទេសចិន និងសប្ដាហ៍ទី២ធ្វើឡើងនៅប្រទេសកម្ពុជា ដោយផ្ដោតលើប្រធានបទ«ការលើកកម្ពស់ផលិតភាពកសិកម្មតាមរយៈបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា» ដោយលើកយកដំណាំដំឡូងមីជាករណីសិក្សា ក្នុងគោលបំណងដើម្បីជួយដល់កសិករក្នុងការបង្កើនទិន្នផល មានទីផ្សារល្អប្រកបដោយនិរន្តរភាព ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម ក្រស្នា អគ្គនាយិកា ក្រុមហ៊ុន សោម៉ា គ្រុប មានប្រសាសន៍ថា ៖ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះ ធ្វើឡើងក្នុងគោលបំណង អភិវឌ្ឍន៍សមត្ថភាពទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញផលិតភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ផ្តោតទៅលើកសិកម្មបែបទំនើប និងឧស្សាហកម្មតាមបែបសកល ក្នុងការបង្កើនទិន្នផល និងមានទីផ្សារល្អប្រកបដោយនិរន្តរភាព ពិសេសផលិតផលដំឡូងមីដែលជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា ។ លោកជំទាវ ចម ក្រស្នា អគ្គនាយិកា មានប្រសាសន៍បន្ថែមថា ការជុំវិញការអភិវឌ្ឍន៍កសិដ្ឋានទំនើប មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ នឹងជួយដល់ការបង្កើនសក្ដានុពល លើវិស័យកសិកម្មនៅកម្ពុជា ដែលជួយដល់លទ្ធភាពក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញផងដែរ ។
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ពិតជាត្រូវការយ៉ាងខ្លាំងលើកិច្ចសហការពីអន្តរជាតិ ទាំងក្នុងការជួយបង្កើនចំណេះដឹង នៃការធ្វើកសិកម្មបែបទំនើបកម្ម ជាពិសេសការរកទីផ្សារ ការបង្កើនផលិតភាព និងលើកកម្ពស់ជីវភាពប្រជាកសិករនៅកម្ពុជា ។
ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវការគាំទ្រ ចំពោះគម្រោងរបស់ GIFT ដែលចង់ជួយដល់កសិកររបស់កម្ពុជា និងមានជំនឿថា កសិករកម្ពុជានឹងទទួលបានគំនិតបន្ថែមទៀត លើការដាំដុះដំណាំកសិកម្មផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្ម ស្របតាមគោលនយបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ថា ៖ សិក្ខាកាមក្នុងវគ្គសិក្សានៃកម្មវិធីអ្នកដឹកនាំសកលបានធ្វើការចុះជួបកសិករតាមចំការ អ្នកប្រមូលទិញ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនកសិឧស្សាហ៍កម្មនៅខេត្តកំពង់ធំ និងព្រះវិហារ បន្ថែមលើសពីនេះសិក្ខាកាមក៏បានជួបភាគីពាក់ព័ន្ធមួយចំនួនទៀតដូចជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម CDRI សហព័ន្ធដំឡូងមីកម្ពុជា និងមន្រ្តីអគ្គនាយកដ្ឋានកសិកម្មដើម្បីស្វែងរកព័ត៌មាន ការគាំទ្រ និងចូលរួមផ្ដល់ជាធាតុចូលសំខាន់ៗសម្រាប់ចងក្រងជារបាយការណ៍ និងម៉ូដែលអាជីវកម្ម (Business Model) សម្រាប់ការអនុវត្តសាកល្បង និងមានអ្នកជំនាញមកពីប្រទេសអាល្លឺម៉ង់ ឥណ្ឌា ប្រេស៊ីល ម៉ិកស៊ិក សិង្ហបុរី ជប៉ុន ហ្វីលីពីន ម៉ាឡេស៊ី បង្ហាញទស្សនៈចម្រុះ និងគំនិតថ្មីៗមកពិភាក្សា។
Global Institute For Tomorrow (GIFT) គឺជាគ្រឹះស្ថានឯករាជ្យមួយផ្ដោតលើការ បណ្ដុះផ្នត់គំនិតភាពជាអ្នកដឹកនាំ ការគ្រប់គ្រងនិងអភិវឌ្ឍន៍ស្ថាប័ន ការប្រឹក្សាគោលនយោបាយ និងស្វែងយល់ពីបម្រែបម្រួលនិងកំណើននៅអាស៊ី គ្រឺះស្ថាននេះមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងទីក្រុងហុងកុងប្រទេសចិន ៕
ដោយ / គ្រី សម្បត្តិ