មន្រ្តីអភិវឌ្ឍន៍សហព័ន្ធកីឡាវាយកូនបាល់អាស៊ី កោតសសើរ ការទទួលបដិសណ្ឋាកិច្ចចំពោះភ្ញៀវមកចូលរួមល្អ និងស្តង់ដារ សម្រាប់វេបសាយ
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកយុវជនអាស៊ីក្រោមអាយុ ១៤ឆ្នាំ (ATF Asian U14 Junior Championship) ឆ្នាំ២០២៤ នៅកម្ពុជា បានរកឃើញជើងឯក បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់ពេល៥ថ្ងៃ ផ្នែកនារី ជើងឯក វិញ្ញាសា ប្រកួតឯកក្តជនមេដាយមាស បានទៅលើកីឡាការិនី Siyoen Sim,និងជើងឯករងមេដាយប្រាក់បានទៅលើកីឡាការិនីថៃ Paweenon Sualsri។ វិញ្ញាសាវាយគូនារី មេដាយមាស បានទៅលើកីឡាការិនីកូរ៉េ Siyoen Sim និងកីឡាការិនីថៃ Paweenon Sualsri, និងជើងឯករងបានទៅលើ កីឡាការិនី Gulden Azamatkyzy និងកីឡាការិនី Nailya Baimakhanova។ វិញ្ញាសាឯកត្តជនយុវជនផ្នែកបុរស មេដាយមាស កីឡាករឥណ្ឌា Hruthik Katakam, និងជើងឯករង មេដាយប្រាក់ កីឡាករកូរ៉េ DongJae Kim។ វិញ្ញាសាវាយគូយុវជនផ្នែកបុរស មេដាយមាសកីឡាករកូរ៉េ Dongjae Kim និងកីឡាករកូរ៉េ Junseo Jang និង ជើងឯករង បានទៅលើ កីឡាករថៃ Tri Srisen និងកីឡាករថៃ Dharma Pantartorn។
ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ត្រូវបាន លោក Jonathan Stubbs មន្រ្តីអភិវឌ្ឍន៍សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ប្រចាំតំបន់អាស៊ី បានវាយតម្លៃថា ការរៀបចំរបស់កម្ពុជា សម្រាប់ការប្រកួតឆ្នាំទី២នេះកាន់តែល្អឥតខ្ចស់ ទាំងការរៀបចំអាជ្ញាកណ្តាលមានភាពយុត្តិធម៌ស្តង់ដារ និងការទទួលបដិណ្ឋាកិច្ច ហូបចុក ស្នាក់នៅ ធ្វើដំណើរ គឺល្អ ពិសេស ធ្វើឱ្យប្រតិភូកីឡាករកីឡាការិនីសប្បាយរីករាយ។
លោក ទេព រិទ្ធី វិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងបញ្ជាក់ដែរថា សម្រាប់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រីករាយជានិច្ចចំពោះការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតអន្តរជាតិ យុវជនឈុតធំ និងយុវជនឈុតតូចៗ ដែលទាំងអស់នេះ យើងចង់បង្ហាញឱ្យអន្តរជាតិមើលឃើញថា កម្ពុជាជាប្រទេសយកចិត្តទុកដាក់បំផុតចំពោះការចូលរួមអភិវឌ្ឍន៍វិស័យកីឡា ពិសេស រាជរដ្ឋាភិបាល តែងតែចូលរួមគាំទ្រលើកទឹកចិត្តរហូត៕
រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ