សត្វល្មិចចំនួន៣ក្បាល ត្រូវបានលែងចូលក្នុងសមុទ្រនៃខេត្តកែបវិញ
កែប៖ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កាលពីថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋអភិបាលខេត្តកែបបានអញ្ជើញចូលរួមលែងសត្វល្មិចឬហៅអណ្តើកសមុទ្រចំនួន៣ក្បាលចូលទៅសមុទ្រវិញស្ថិតនៅកោះពោធិ៍ ភូមិកែប សង្កាត់កែប ក្រុងកែប។កន្លងមកក៏ដូចជាបច្ចុប្បន្ន អាជ្ញាធរខេត្តកែបនិងមន្រ្តីនៃមន្ទីរជំនាញ បានយកចិត្តទុកដាក់ការពារ ថែរក្សា និងបង្កើតឱ្យមានការគ្រប់ គ្រងតំបន់អភិរក្សជលផលនៅក្នុងសមុទ្រនិងតាមបណ្តាកោះ នានាទើបទទួលបានលទ្ធផលដូចថ្ងៃនេះ។
បន្ទាប់ពីលែងអណ្ដើកសមុទ្រទម្ងន់សរុបជាង១០០គីឡូក្រាម ឯកឧត្តមក៏បានបន្តសួរសុខទុក្ខកងកម្លាំងប្រចាំការនៅតាម បណ្ដាកោះ ក្នុងភូមិសាស្រ្តខេត្តកែបផងដែរ។ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថាការលែងសត្វល្មិចនាពេលនេះ បានបញ្ជាក់ពីការចូលរួមរវាងអ្នកនេសាទ និងមន្ត្រីជំនាញក្នុងការថែរក្សាជីវចម្រុះដ៏កម្រក្នុងសមុទ្រខេត្តកែបឱ្យបានគង់វង្ស ។
ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ជាពិសេសប្រជានេសាទ ត្រូវបន្តចូលរួមថែរក្សាសត្វសមុទ្រ ប្រភេទសត្វកម្រ ដូចជា ត្រីដូហ្វីន ជ្រូកទឹក និងសត្វល្មិចនេះជាដើម។ក្រៅពីនេះត្រូវបង្កើនការការពារ អភិរក្សដោយប្រើប្រាស់ ធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាពស្របតាមចក្ខុវិស័យជលផលជាតិនិងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។
គប្បីជម្រាបថា កន្លងមកមន្ទីរជំនាញបានធ្វើការណែនាំអប់រំ ផ្សព្វផ្សាយ ដល់ប្រជានេសាទឱ្យយល់ដឹងអំពីប្រយោជន៍ក្នុងការ ថែរក្សា គាំពារ សត្វសមុទ្រ ដែលជាសត្វកម្រ ដូចជាប្រភេទសត្វល្មិចនេះជាដើម៕
អត្ថបទនិងរូបភាព៖ សិលា សារិន