អ្នកនាំពាក្យ៖ដំណើរទស្សនកិច្ចប៉ែកឦសានលើកទី២ មានអ្នកចូលរួមប្រមាណ២០០នាក់
ភ្នំពេញ៖ដំណើរទស្សនកិច្ចទៅកាន់បណ្ដាខេត្តប៉ែកឦសានលើកទី២ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ២០០នាក់បានធ្វើដំណើរតាមរថយន្តចំនួន១៣គ្រឿងចេញពីរាជធានីភ្នំពេញនៅម៉ោង ៥ព្រឹក ថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះតាម តម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះនិងខេត្តមណ្ឌលគិរី។សកម្មភាពនេះសម្របសម្រួលនិងដឹកនាំដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានផ្ទាល់។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ឱ្យដឹងតាមសារអេឡិចត្រូនិក
នៅព្រឹកថ្ងៃទី១៤ខែកញ្ញាថាដំណើរទស្សនកិច្ចជើងទីពីរនេះបានទៅដល់ទីតាំងទី១នៅវេលាម៉ោង៨:៣០នាទីព្រឹកគឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះក៏ដូចជាស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ចព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការ អភិវឌ្ឍជាក់ស្តែងយ៉ាងច្រើននិងជាបន្តបន្ទាប់។
អ្នកនាំពាក្យដដែលបន្តថាក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួចក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុកក្នុងភូមិសាស្ត្រខេត្តក្រចេះនិងខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចនៃសៅរ៍ដដែល។
សូមរំលឹកជូនថាទស្សនកិច្ចប្រភេទនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ហើយៗបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានសម្រាប់ការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតីនិងលោកជំទាវ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ។
ទស្សនកិច្ចលើកទី១បានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ខែកញ្ញា។ទស្សនកិច្ចនេះនឹងរៀបចំរៀងរាល់ចុងសប្ដាហ៍ដល់ដំណាច់ឆ្នាំ២០២៤៕
ដោយ៖មុនី