ប្រទេស នៃមហាអនុតំបន់មេគង្គ បានប្តេជ្ញារួមគ្នា ទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក
(ភ្នំពេញ)៖ ប្រទេសចំនួន6 រួមមានចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម នៃមហាអនុតំបន់ទន្លេមេគង្គ បានប្តេជ្ញារួមគ្នាទប់ស្កាត់ការបំពុលទន្លេមេគង្គដោយសំណល់ប្លាស្ទិក ដែលកំពុងចោទជាបញ្ហាឆ្លងដែន សម្រាប់សុខភាពរបស់ប្រជាជន និងជីវៈចម្រុះទាំងនៅក្នុងទឹក និងលើគោក ក៏ដូចជាផ្នែកសេដ្ឋកិច្ច។
សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិក ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោយពីបានជជែកពិភាក្សាចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានគាំពារ និងគាំទ្រដោយតំណាងនៃប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ចំពោះការដោះស្រាយការបំពុលដោយប្លាស្ទិក។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា តំណាងនៃប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់ជំហរក្នុងការទប់ស្កាត់ការបំពុលដោយសំណល់ប្លាស្ទិក តាមដងទន្លេមេគង្គ ទន្ទឹមនឹងការប្តេជ្ញារួមគ្នាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅ។
តាមសេចក្តីថ្លែងការណ៍រួម, រដ្ឋមន្ត្រីបរិស្ថាន និងអនុរដ្ឋមន្ត្រីមកពីប្រទេសទាំង៦នៃមហាអនុតំបន់មេគង្គ (GMS)នៅថ្ងៃនេះ បានគាំទ្រ និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថានថ្មីរយៈពេល៥ឆ្នាំ ដែលរួមមានសំណើសម្រាប់ជំនួយបច្ចេកទេស និងការវិនិយោគជាយុទ្ធសាស្រ្តដែលមានតម្លៃជាង១.០០០លានដុល្លារអាម៉េរិកដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថាននៅទូទាំងតំបន់។
ក្របខ័ណ្ឌយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ (GMS)២០៣០ថ្មីសម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថានមានប្រធានបទអាទិភាពចំនួនបួន៖១. ការលើកកម្ពស់ភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយសម្រាប់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី, ២. គាំទ្រការផ្លាស់ប្តូរកាបូនទាបដែលត្រឹមត្រូវ និងរួមបញ្ចូល, ៣. ជំរុញសេដ្ឋកិច្ចបៃតង និងការពង្រឹងវិធានការត្រួតពិនិត្យការបំពុល, និង៤. ការដាក់ចេញដំណោះស្រាយផ្អែកលើធម្មជាតិសម្រាប់ការលើកកម្ពស់ជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅ។
បញ្ហាអាទិភាព សម្រាប់សកម្មភាពត្រូវបានស្នើឡើងក្នុងចំណោមទាំងនេះរួមមាន៖ ១. តម្រូវការសម្រាប់ការលើកកម្ពស់ជម្រើសជំនួសប្លាស្ទិកប្រកបដោយនិរន្តរភាព, ២. ការលើកកម្ពស់វេទិកាចែករំលែកចំណេះដឹងលើការគ្រប់គ្រងកាកសំណល់ និងសេដ្ឋកិច្ចចក្រា, ៣. ការដាក់ពង្រាយឧបករណ៍ហិរញ្ញប្បទានហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយតាមគោលដៅ, និង៤. ការបង្ហាញឧបករណ៍ហិរញ្ញប្បទាននៅថ្នាក់ខេត្ត ក្រុង និងសហគមន៍ ដើម្បីផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន៕
ដោយ ៖ ង៉ាន់ ទិត្យ