ជប៉ុនចាប់អារម្មណ៍វិនិយោគលើការកែច្នៃសំរាមសំណល់ប្លាស្ទិក ឱ្យទៅជាប្រេងឥន្ធនៈ
បាត់ដំបង៖តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនជប៉ុនបានធ្វើបទបង្ហាញពីម៉ាស៊ីនកម្ទេចសំរាមដ៏ទំនើបដែលជប៉ុន គ្រោងនឹងនាំយកមកវិនិយោគដើម្បីធ្វើការកែច្នៃសំណល់សំរាមប្លាស្ទិកឱ្យទៅជាប្រេងឥន្ធនៈ។បទបង្ហាញបានធ្វើឡើងក្នុងពិភាក្សាការងារជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង។
ក្នុងបទបង្ហាញ តំណាងក្រុមហ៊ុន ស៊ូហ្គោ តាតេម៉ូណូ សឺវីស អ៊ីង (Sougo Tatemono Service Inc.)បង្ហាញពីឧបករណ៍កម្ទេចកាកសំណល់ប្លាស្ទិកឱ្យទៅជាប្រេង។តាមអ្នកជំនាញជប៉ុន បានបញ្ជាក់ថា ម៉ាស៊ីនដ៏ទំនើបនេះមាន សមត្ថភាពកែច្នៃនិងធ្វើការកម្ទេចសំរាមប្លាស្ទិកសុទ្ធក្នុង១តោន អាចបម្លែងទៅជាប្រេងបានពី ៦០០លីត្រ ទៅ៧០០លីត្រ។ដោយឡែកសំរាមចម្រុះវិញក្នុង១តោនអាចបម្លែងចេញជាប្រេងបាន២០០លីត្រទៅ៣០០លីត្រ។ចំពោះប្រេងដែលបម្លែងចេញ ពីសំណល់ប្លាស្ទិកអាចយកទៅប្រើប្រាស់ជាប្រេងឥន្ធនៈ ក្នុងការបញ្ឆេះដំណើរការម៉ាស៊ីនកម្ទេចសំរាមនោះវិញ។មិនតែប៉ុណ្ណោះ វាអាចបម្លែងទៅជា ប្រេងម៉ាស៊ូត ប្រេងសាំង ឬក៏ប្រេងផ្សេងៗបន្ថែមទៀតបាន។
ក្រុមអ្នកជំនាញក្រុមហ៊ុនជប៉ុនបានជម្រាបឯកឧត្តមអភិបាលខេត្តថាម៉ាស៊ីនបម្លែងសំរាមនេះអាចដុតសំរាមបាន៣០តោនក្នុង១ថ្ងៃ។គុណភាពនៃម៉ាស៊ីនវិញអាចប្រើប្រាស់បានពី២០ ទៅ៣០ឆ្នាំ ។
ឯកឧត្តម សុខ លូ បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះម៉ាស៊ីនកែច្នៃ បម្លែងកាកសំណល់សំរាមប្លាស្ទិកនេះ។ឯកឧត្តម
អភិបាលខេត្តរំពឹងនិងសង្ឃឹមថាម៉ាស៊ីនដ៏ទំនើបនេះនឹងមានដំណើរការនៅទីលានចាក់សំរាមក្នុងខេត្តបាត់ដំបងនាពេលឆាប់ៗខាងមុខនេះ ។
ឯកឧត្តម សុខ លូ ក៏បានបង្ហាញពីការគាំទ្រ និងបានថ្លែងអំណរគុណចំពោះតំណាងទូតជប៉ុនយ៉ាងពេញទំហឹងនិងរង់ចាំជានិច្ច សហការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងនៅពេលក្រុមហ៊ុនចាប់ផ្ដើមវិនិយោគលើការកែច្នៃសំរាមប្លាស្ទិកបម្លែងទៅជាវត្ថុរាវ(ប្រេងឥន្ធនៈ) ខណៈនៃការរៀបចំទុកដាក់និងគ្រប់គ្រងសំរាម ក៏ជាផ្នែកមួយ ដែលអាចជួយដល់ក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងវៃឆ្លាត (SmartCity) នៅពេលអនាគត។
សូមបញ្ជាក់ថា ក្នុងខេត្តបាត់ដំបងមានទីលានទុកដាក់សំរាមខ្នាតធំកម្រិតស្ដង់ដារមួយ ស្ថិតនៅភូមិប៉ោយស្វាយឃុំតាគ្រាម ស្រុកបាណន់ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីអំឡុងខែមីនាឆ្នាំ២០២៣។ទីលានទុកដាក់សំរាមក្រុងបាត់ដំបងនេះ សាងសង់ឡើងនៅលើផ្ទៃដីជាង២០ហិកតាដោយបានដាក់ឱ្យប្រើប្រាស់ក្នុងដំណាក់កាលដំបូងនូវរណ្ដៅទី១ដែលមានទំហំដីជិត
៣ហិកតា។ទីលាននេះមានសមត្ថភាពអាចផ្ទុកសំរាមបានជាង៣០ម៉ឺនម៉ែត្រគូប សម្រាប់រយៈពេល១០ឆ្នាំ (២០២២ រហូត
ដល់ ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។
តាមការរំពឹងទុកប្រជាជនប្រមាណ ៦០% ដែលត្រូវជា ១២៦ ០០០នាក់នឹងទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថានពី
ទីលានចាក់សំរាមខាងលើនេះ។ទីលានទុកដាក់សំរាមដ៏ធំមួយនេះ ចំណាយលើសាងសង់ជាង៦លានដុល្លារអាម៉េរិកក្រោម គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.