សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតរំលែកទុក្ខ និងសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហម វៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីយប់ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចផ្តល់ថវិកាចំនួន ១០០.០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ជួយដល់កាកបាទក្រហម វៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី ដែលបានវាយប្រហារភាគខាងជើងប្រទេសវៀតណាម។
សូមជម្រាបជូនថា ក្នុងឱកាសប្រកបដោយក្តីសង្វេគនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្ញើលិខិតជូនលោកស្រី ប៊ុយ ធីហ័រ ប្រធានកាកបាទក្រហមវៀតណាម ដោយសម្តែងការសោកសៅ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះកាកបាទក្រហមវៀតណាម គ្រួសារជនរងគ្រោះ និងប្រជាជនវៀតណាមទាំងមូល ដែលកំពុងរងគ្រោះដោយសារខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គី។
ក្នុងសារលិខិតរបស់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា «វាពិតជាការសោកសៅបំផុត ដែលបានទទួលដំណឹងថា ខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី បានវាយប្រហារភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ក្នុងនោះមានមនុស្សស្លាប់ជាង ២០០នាក់ បាត់ខ្លួនប្រមាណ ១២៤នាក់ របួសជាង ៨០០នាក់ និងរងការខូចខាតផ្ទះសម្បែងចំនួន ១៣០,២៦៨ខ្នង និងផ្ទះដែលជន់លិច ចំនួន ៥៧,៨៥៧ខ្នង។ នៅក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកសមានទុក្ខដ៏ក្រៀមក្រំ និងរំលែកនូវទុក្ខលំបាកជាមួយកាកបាទក្រហមវៀតណាម និងប្រជាជនវៀតណាមទាំងមូល ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។
ខ្ញុំសូមបួងសួងឱ្យឆាប់ស្ដារឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងគ្រោះ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់កាកបាទក្រហមវៀតណាម សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) និងសមាគមជាតិជាបងប្អូន និងសូមជូនពរឱ្យប្រជាជនវៀតណាមទាំងអស់ មានសុខភាពល្អ។»
ដោយ ៖ គ្រី សម្បត្តិ