ប្រេស៊ីលរឹបអូសយកទ្រព្យរបស់លោក Elon Musk
បរទេស៖ ចៅក្រមសហព័ន្ធប្រេស៊ីល បានដកយកទ្រព្យ ចំនួន ៣.៣លានដុល្លារ ពីគណនីធនាគារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបណ្តាញសង្គម X និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេត Starlink ដែលគេស្គាល់ថា ជារបស់លោកមហាសេដ្ឋី Elon Musk ដើម្បីអនុវត្តការផាកពិន័យ។
ការរឹបអូសនេះ បានកើតឡើង ក្រោយពេលដែលតុលាការកំពូលប្រេស៊ីល បានបិទមិនឲ្យមានការប្រើប្រាស់បណ្តាញសង្គម X ។ តុលាការបានបញ្ជាឱ្យបិទគណនីធនាគារ ឬ បង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុ យានយន្ត និងអចលនទ្រព្យ របស់ក្រុមហ៊ុនទាំងពីរខាងលើ ជាបន្ទាន់ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការ កាលពីថ្ងៃសុក្រ។
តុលាការបាននិយាយថា ខ្លួនកំពុងការស៊ើបអង្កេតបន្ថែម ឈានទៅដល់ការដកអ្នកតំណាងស្របច្បាប់ក្រុមហ៊ុន ចេញពីប្រទេសប្រេស៊ីល។ យ៉ាងណាមិញ លោក Musk មិនទាន់ធ្វើអត្ថាធិប្បាយ ជុំវិញការរឹបអូសយកទ្រព្យទាំងនេះ នៅឡើយទេ។
គួរឲ្យដឹងថា ជម្លោះរវាងសហគ្រិនអាមេរិករូបនេះ និងអាជ្ញាធរប្រេស៊ីលបានចាប់ផ្តើម នៅក្នុងខែមេសា គឺនៅពេលដែលលោកចៅក្រមប្រេស៊ីល De Moraes បានបញ្ជាឱ្យ X លុបគណនីរបស់អ្នកគាំទ្រជាច្រើន របស់អតីតប្រធានាធិបតីមួយរូប ដោយចោទប្រកាន់ពួកគេពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ុន្តែ លោក Musk បានបដិសេធ ដោយនិយាយថា ការធ្វើបែបនេះ បំពានច្បាប់របស់ប្រេស៊ីល៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត