អភិបាលខេត្តពោធិ៍សាត់ ជម្រុញឱ្យមន្ទីរ អង្គភាពក្នុងខេត្ត ប្រកួតប្រជែងសមត្ថភាព

ពោធិ៍សាត់៖ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្ត​ពោធិ៍សាត់ប្រចាំខែកញ្ញាកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៤ ឯកឧត្តម ខួយ រីដា អភិបាលខេត្តនិងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានលើកទឹកចិត្តនិងជំរុញឱ្យ មន្ទីរអង្គភាពទាំងអស់នៅក្នុងខេត្ត ត្រូវធ្វើការប្រកួតប្រជែង​សមត្ថភាពការងារ ដែលខ្លួនទទួលខុសត្រូវនៅក្នុងអង្គភាព​របស់​ខ្លួន។

ឯកឧត្តមអភិបាលខេត្តបានផ្តោតលើមន្ទីរចំនួនពីរដែលត្រូវយកចិត្តទុកដាក់និងពង្រឹងបន្ថែមឱ្យកាន់តែប្រសើរបន្ថែមទៀត។គឺ ១.វិស័យសុខាភិបាល បើទោះបីវិស័យនេះឈានមុខគេទទួល​បានជ័យលាភីទូទាំងប្រទេសក៏ដោយក៏មិនត្រូវមានការធ្វេស ប្រហែសឡើយ ត្រូវខិតខំបន្តទៀតនិងទី២.វិស័យអប់រំ ត្រូវមាន​ការ​ប្រកួតប្រជែង ចាប់តាំងពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ ដើម្បីទទួលបាននូវធនធានមនុស្សល្អដែលជាទំពាំងស្នងឬស្សី ជាគ្រាប់ពូជដ៏ល្អសម្រាប់ប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទាំងអស់ ដែល​បាន​​យកចិត្តទុកដាក់ ខិតខំអនុវត្តនូវរាល់សកម្មភាពការងារ​ដែល​​បានគ្រោងទុក និងការងារបន្ទាន់មួយចំនួនដែលថ្នាក់ ដឹកនាំប្រគល់ជូន។ទាក់ទងការងារផ្ដល់សេវាសាធារណៈ ឯកឧត្តមរំលឹកថា ត្រូវប្រកាន់យកនូវគោលការណ៍៣គឺ” ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព” ៕
ដោយ៖ចេងពុំ

ads banner