ក្រុមគ្រូពេទ្យស្មគ្រចិត្តប្រទេសកូរ៉េ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកអូររាំងឪ
(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្មគ្រចិត្តប្រទេសកូរ៉េ នៃមន្ទីរពេទ្យ Pohang Stroke and Spine Hospital នៃខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចំនួន២០នាក់ ក្នុងនោះគ្រូពេទ្យនារីចំនួន១០នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Dr. Kim Munchul, ប្រធានមន្ទីរពេទ្យ រួមជាមួយគ្រូពេទ្យនៃមន្ទីរសម្រាកព្យាបាលណឺរ៉ូន ដែលមានក្រុមគ្រូ និងគិលានុបដ្ឋាក សរុប ១០នាក់ បានរៀបចំកម្មវិធីអប់រំអនាម័យបរិស្ថាន សុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានចំនួន ៤៥៣នាក់ ក្នុងនោះស្រ្តីចំនួន ២៣៩នាក់ មកពីឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់អស់ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ដែលបានគិតគូរការថែទាំសុខភាព និងបានសហការរៀបចំកម្មវិធីនាថ្ងៃនេះ។ សូមបញ្ជាក់ថាក្នុងឱកាសអញ្ជើញពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យស្មគ្រចិត្តកូរ៉េ បានផ្តល់ជូនអាជ្ញាធរមូលដ្ឋាន រួមមាន៖ កៅអីសម្រាប់ជនពិការ ចំនួន៣ គ្រឿង ធុងចម្រោះទឹកស្អាត ចំនួន៣ គ្រឿងនិងសម្ភារ:ចែកសិស្សានុសិស្ស រួមមាន ច្រាស់ដុះធ្មេញ, ថ្មាំដុះធ្មេញ និងសម្ភារ:សិក្សាផ្សេងៗទៀត។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យរួមជាមួយក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ រដ្ឋបាលស្រុកអូររាំងឪ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានចូលរួមដាំដើមឈើ ចំនួន៨០ដើម ដើម្បីបណ្តុះពន្លកបៃតង ទុកជាអនុស្សាវរីយ៍ នៅក្នុងអនុវិទ្យាល័យ និងសាលាបឋមសិក្សាចំការស្បូវ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានទទួលនូវការពិនិត្យ ព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជាពិសេសរសុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន៕
ដោយ ៖ ជីម ភារ៉ា