កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៣គីឡូម៉ែតដើម្បីអបអរសាទរទិវា ពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ“សង្គ្រោះបឋម និងកីឡា”

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៣គីឡូម៉ែតដើម្បីអបអរសាទរទិវា ពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ“សង្គ្រោះបឋម និងកីឡា”ដែលប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានកីឡាករកីឡាការិនីចូលរួមចំនួន៣០០នាក់ ដោយបែងចែកជា ២ក្រុមគឺ(១) ក្រុមប្រកួតប្រជែងនិង(២) ក្រុមអ្នកស្ម័គ្រចិត្ត ដែលមានអាយុចាប់ពី ៥៥ឆ្នាំឡើង ។

លោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា ប្រធានបទទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤នេះ បានរួមបញ្ចូល គ្រប់អាយុ គ្រប់ វ័យទាំងអស់ រាប់ទាំងកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ ។

ប្រធានបទសង្គ្រោះបឋមនិងកីឡា គឺបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការយកចិត្តទុកដាក់ ខាងវេជ្ជសាស្ត្រភ្លាមៗ នៅក្នុងបរិបទ នៃការរងរបួសទាក់ទងនឹងកីឡា។ វាបញ្ជាក់ពីតម្រូវការ ជាយុទ្ធសាស្ត្រ សម្រាប់បង្ការ ការរងរបួស កាន់តែធំ ពិធីសារប្រកបដោយប្រសិទ្ធភាព និងការអនុម័ត គោលនយោបាយសង្គ្រោះបឋម ដើម្បីធានាសុវត្ថិភាពក្នុងខណៈដែលកីឡា មានហានិភ័យ នៃការរងរបួស ដោយផ្ទាល់ ការយល់ដឹងពី គោលការណ៍ ជាមូលដ្ឋាន នៃជំនួយ សង្គ្រោះបឋម គឺមានសារៈសំខាន់ ឆ្លើយតបទៅនឹងស្ថានភាព ទាំងអស់នេះ ។ ការដោះស្រាយ បញ្ហាកង្វល់នយោបាយសំខាន់ៗ និងការអនុវត្ត សង្គ្រោះបឋម ដ៏ទូលំទូលាយនៅ ក្នុងសហគមកីឡា តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបណ្ដុះបណ្ដាលបុគ្គលដែលមានសមត្ថភាពនិងផ្តល់ឧបករណ៍គ្រប់គ្រាន់នៅក្នុងការកំណត់របស់កីឡា ។ តាមរយៈការគាំទ្រមតិសំរាប់វិធានការបែបនេះយើងអាចបង្កើតវប្បធម៌នៃការត្រៀមបង្ការនិងមានភាពធន់ដែលលើកកំពស់សុវត្ថិភាពនិងសុខមាលភាព។

ការចូលរួម របស់សាធារណជន និងយុវជន ក្នុងព្រឹត្តិការណ៍នេះ គឺជាការចូលរួមលើកកម្ពស់ ការយល់ដឹងអំពីសារៈសំខាន់ នៃចំណេះដឹងសង្រ្គោះបឋម ក្នុងបរិបទកីឡា, លើកទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក និងអ្នកចូលចិត្តកីឡាគ្រប់វ័យ ឱ្យឆ្លងកាត់ វគ្គបណ្តុះបណ្តាលបច្ចេកទេស សង្រ្គោះបឋម និងបច្ចេកទេស ធ្វើ CPR, ស្វែងរកការគាំទ្រចូលរួម វគ្គបណ្តុះបណ្តាលសង្រ្គោះបឋម ក្នុងកម្មវិធីអប់រំកីឡា និងគំនិតផ្តួចផ្តើមកីឡាក្នុងសហគមន៍, លើកកម្ពស់ឱ្យបានទូលំទូលាយ និងផ្តល់លទ្ធភាព ប្រើប្រាស់ម៉ាស៊ីនឆក់បេះដូងខាងក្រៅដោយស្វ័យប្រវត្តិ (AEDs) នៅក្នុងកន្លែងកីឡា និងជាពិសេសលើកទឹកចិត្តប្រជាជនខ្មែរឱ្យចូលរួមក្នុងសកម្មភាពកីឡា ។

សូមបញ្ជាក់ថា ការផ្សារភ្ជាប់វិជ្ជាសង្គ្រោះបឋម ទៅនឹងកីឡា គឺមានស្រៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ។ ការទទួលបាននូវ ជំនាញសង្គ្រោះបឋម អាចឲ្យមនុស្ស គ្រប់វ័យ ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះឧប្បត្តិហេតុនានា ដោយផ្ដល់ការជួយសង្គ្រោះបឋម ភ្លាមៗ រហូតដល់ជំនួយផ្នែក វេជ្ជសាស្ត្រ ដែលមានជំនាញវិជ្ជាជីវៈមកដល់។

លើសពីនេះទៅទៀតនៅក្នុងក្រុមកីឡាដែលមានកិច្ចសហការនិងការគាំទ្រ ជាគោលចម្បងបំផុត មនុស្សគ្រប់រូប មានជំនាញវិជ្ជាសង្គ្រោះបឋម អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ បរិយាកាស សុវត្ថិភាព និងការគាំទ្រ សម្រាប់មិត្តរួមក្រុម របស់ ពួកគេ នឹងលើកកម្ពស់បទពិសោធន៍រួមនៃការចូលរួមកីឡាផងដែរ។ ដោយឡែក សម្រាប់មនុស្សវ័យចាស់ ការរៀនវិជ្ជាង្គ្រោះបឋម មានសារៈសំខាន់បំផុត ទាក់ទងនឹងការចូលរួម របស់ពួកគេ ក្នុងកីឡានិងសកម្មភាព រាងកាយ នៅពេលដែលភាពងាយបទបែនត្រូវថមថយ។

ជាមួយគ្នានេះ ការបណ្ដុះបណ្ដាលចំណេះដឹង អំពីវិជ្ជាសង្គ្រោះ បឋមដល់កុមារវិញ នឹងជំរុញឲ្យមានការយល់ដឹងអំពី ការទទួលខុសត្រូវ និងសុវត្ថិភាព លើកកម្ពស់វប្បធម៌នៃការថែទាំនិងការគាំទ្រ នៅក្នុងសហគមន៍កីឡា ហើយតាមរយៈ ការរួមបញ្ចូល ការអប់រំវិជ្ជាសង្គ្រោះបឋមនៅក្នុងកម្មវិធីកីឡារបស់កុមារ គឺយើងមិនត្រឹមតែ បង្កើនសុវត្ថិភាព របស់ពួកគេ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់សិទ្ធិអំណាចឲ្យពួកគេ ក្លាយជាអ្នកចូលរួម ដ៍សកម្ម ក្នុងការបង្កើត បរិយាកាស សុវត្ថិភាព សម្រាប់ខ្លួនឯងនិងអ្នកដទៃ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner