ប្រធានាធិបតីប្រទេសកូម័រ រងរបួសអំឡុងការវាយប្រហារដោយកាំបិត

បរទេស៖ ប្រធានាធិបតី នៃប្រទេសកូម័រ លោក អាហ្សាលី អេស៊ូម៉ានី (Azali Assoumani) បានរងរបួស អំឡុងការវាយប្រហារដោយកាំបិត ក្នុងពេលលោកចូលរួមពិធីបុណ្យសពមួយ នៅជាយទីក្រុង ម៉ូរ៉ូនី (Moroni)។

អ្នកវាយប្រហារត្រូវបានចាប់ខ្លួន ក្រោយពេលកើតហេតុ។ សេចក្តីថ្លែងការណ៍ រដ្ឋាភិបាលបានចេញផ្សាយថា «លោកប្រធានាធិបតី ត្រូវបានរងរបួសបន្តិចបន្តួចដោយកាំបិត ខណៈពេលចូលរួមក្នុងពិធីបុណ្យសព របស់មេដឹកនាំសាសនាដ៏ល្បីម្នាក់ ប៉ុន្តែ របួសរបស់គាត់ មិនធ្ងន់ធ្ងរទេ ហើយគាត់បានត្រលប់មកផ្ទះវិញហើយ។ អ្នកវាយប្រហារស្ថិតនៅក្នុងដៃរបស់សេវាសន្តិសុខ»។

ការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃសុក្រលើកនេះ ស្របពេលដែលប្រជាជនមួយចំនួន មានការមិនពេញចិត្តនឹងប្រធានាធិបតីរូបនេះ។ ក្រោយការបោះឆ្នោត កាលពីខែមករា មានផ្ទុះបាតុកម្មតវ៉ាប្រឆាំង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស។ កូម័រ គឺជាប្រទេសប្រជុំកោះភ្នំភ្លើង នៅតំបន់ឆ្នេរសមុទ្រភាគខាងកើត នៃទ្វីបអាហ្រ្វិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner