ព្យុះ Boris វាយលុកពាសពេញអឺរ៉ុបខាងកើត និងកណ្តាល
បរទេស៖ ខ្យល់ព្យុះ Boris បានបង្កការបំផ្លិចបំផ្លាញ ពាសពេញតំបន់អឺរ៉ុបខាងកើត និងកណ្តាល បណ្តាលឲ្យស្លាប់មនុស្ស មានដូចជា ប្រទេសរូម៉ានី, អូទ្រីស, ឆែក, ហុងគ្រី និង ស្លូវ៉ាគី ដែលខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក ខុសពីធម្មតា កើតមានតាំងពីថ្ងៃព្រហស្បតិ៍ មកម្ល៉េះ។
សេវាកម្មជួយសង្គ្រោះរូម៉ានី បាននិយាយ កាលពីថ្ងៃសៅរ៍ថា មនុស្សបួននាក់បានស្លាប់ ហើយផ្ទះ ចំនួន ៥ពាន់ខ្នង ត្រូវបានខូចខាត នៅក្នុងទឹកជំនន់ ដែលបង្កឡើងដោយព្យុះ Boris មួយនេះ។
នៅប្រទេសឆែក កងកម្លាំងប្រហែល១០ម៉ឺននាក់ត្រូវបានចល័ត ខណៈដែលឧប្បត្តិហេតុជិត២៩០០លើក ត្រូវបានកត់ត្រា កាលពីថ្ងៃសុក្រ ដែលភាគច្រើនបណ្តាលមកពី ដើមឈើដួលរលំ និងទឹកជំនន់។ ប្រទេសស្លូវ៉ាគី ដែលជាប្រទេសជិតខាង បានប្រកាសភាពអាសន្នទឹកជំនន់ នៅក្នុងរដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava) ។
ទន្ទឹមនឹងនេះ នៅប្រទេសប៉ូឡូញ រដ្ឋាភិបាលបានព្រមានថា ស្ថានការណ៍នឹងមានភាពលំបាកបំផុត នៅភាគនិរតី អូសបន្លាយដល់ចុងសប្តាហ៍នេះ។ ផ្នែកខ្លះនៃភាគឦសាន ប្រទេសអូទ្រីស ត្រូវបានប្រកាសថា ជាតំបន់គ្រោះមហន្តរាយធម្មជាតិ។ តំបន់មួយចំនួនគ្របដណ្តប់ដោយព្រិល រហូតដល់មួយម៉ែត្រ បន្ទាប់ពីបំបែកកំណត់ត្រាក្តៅខ្លាំង នៅប៉ុន្មានខែចុងក្រោយមកនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត