រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុនប៉ងញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង និងព្យាយាមបង្កើតព្រឹត្តិការណ៍បដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុនប៉ងញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង និងព្យាយាមបង្កើតព្រឹត្តិការណ៍បដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប៉ុន្តែគម្រោងនោះ ត្រូវបានបរាជ័យ ដោយសារការទប់ស្កាត់បានទាន់ពេលវេលាពីប្រមុខថ្នាក់ដឹកនាំ ដាក់ចេញវិធានការ ការពារឱ្យបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ មិនឱ្យជនណាម្នាក់មកបំផ្លាញបានឡើយ។ ការបញ្ជាក់នេះ ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅទីលានកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡខេត្តព្រៃវែង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅមូលដ្ឋានខេត្តព្រៃវែង សូមកុំជឿលើឧបាយកលរបស់ក្រុមជ្រុលនិយមទាំងនោះ ព្រោះពួកគេ មិនបានយកជាតិជាធំទេ។ ផ្ទុយទៅវិញ គឺជាការបំផ្លាញនូវសុខសន្តិភាពរបស់កម្ពុជាទាំងស្រុង។ ដូច្នេះសូមបងប្អូនមានការថ្លឹងថ្លែងឱ្យបានច្បាស់ មុននឹងជឿទៅលើអ្វីមួយ និងសូមផ្ដល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។ ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពរាជធានី ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសហការយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្នុងរយៈពេលជិតមួយខែមកនេះ លះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារពីការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត៕
ដោយ៖ពលជ័យ

ads banner