ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅជប៉ុនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអំពាវនាវឱ្យបងប្អូនខ្មែរនៅជប៉ុនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមរយៈការពន្យល់ជាច្រើនដង និងយ៉ាងក្បោះក្បាយដោយសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។ ការអំពាវនាវនេះ ក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺ ដែលរៀបចំដោយសហគមន៍ខ្មែរខេត្តហ្គីហ្វឺ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងថា ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចឱ្យក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើម ពីថ្ងៃទី៧ កញ្ញាមក។ មកទល់ពេលនេះ មានអ្នកចូលរួមក្នុងដំណើរទស្សនកិច្ចសរុបប្រមាណជា៤០០នាក់ហើយ។
ទន្ទឹមនោះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីសមិទ្ធផលលេចធ្លោរជាច្រើន ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល១ឆ្នាំកន្លងមក រួមទាំង(១)ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាមរតកដ៏មហាសាលជាប្រវត្តិសាស្ត្រក្រោយព្រែកជីកនេះត្រូវបានសាងសង់រួច បានទទួលការចូលរួមអបអរសាទរយ៉ាងកងរំពង គគ្រឹកគគ្រេងពីសំណាក់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និង(២) ការចូលរួមរបស់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសដ៏ច្រើនលើសលុប រូមទាំងបងប្អូនខ្មែរនៅជប៉ុន ក្នុងការបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដែលបានប្រកាសដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានអាចចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាងនេះទៀត ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ថា តបតាមសំណូមពររបស់បងប្អូននៅជប៉ុនដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុងមូលនិធិខាងលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាក៏បានបង្កើតគណនីធនាគារក្នុងប្រទេសជប៉ុនសម្រាប់ទទួលវិភាគទានផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន




